(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាប់រយគ្រួសារ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានបន្តសំណូមពរដល់ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ មេត្តាជួយសម្រួលធ្វើផ្លូវចូលភូមិត្រង់ចំណុចស្ពាន ឆ្លងផ្លូវល្បឿនលឿនឲ្យមានភាពងាយស្រួល ពីព្រោះផ្លូវចុះពីស្ពានចូលក្នុងភូមិបច្ចុប្បន្ន មានភាពលំបាកក្នុងការធ្វើដំណើរ ពោលពេលបត់ចុះ និងពេលឡើងលើស្ពាន។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួង ជាពិសេសសាលារាជធានីភ្នំពេញ សូមជួយសម្រួលផ្លូវមួយខ្សែនេះ ឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ធ្វើយ៉ាងសូមឲ្យបានទំហំត្រឹម ១២ម៉ែត្រ ក៏បាន ព្រោះថាផ្លូវចាស់មានទំហំ១៥ម៉ែត្រ។
ប្រជាពលរដ្ឋក៏បានលើកឡើងពីផលលំបាក របស់អ្នកធ្វើដំណើរ ជាពិសេសក្មេងតូចៗ ពេលជិះកង់ និងម៉ូតូទៅរៀន គឺពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ខណៈពេលដែលមានរថយន្តចុះពីស្ពានមានល្បឿនលឿនៗ ខ្លាចក្រែងមាន គ្រោះថ្នាក់ជាយថាហេតុ។ ប្រសិនបើខែភ្លៀងវិញ ក្មេងសិស្សសាលាខ្លះ មិនបានធ្វើដំណើរទៅដល់សាលាទេ ព្រោះពេលខ្លះ ពួកគាត់បានរអិលដួល ប្រលាក់សម្លៀកបំពាក់ត្រឡប់មកផ្ទះវិញ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា នេះជាការជួបជុំសំណូមពរ លើកទី៣ហើយ ដើម្បីស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តាជួយសម្រួលឲ្យបានឆាប់រហ័ស ព្រោះបងប្អូនប្រជាពលរដ្ឋនៅតែបន្តរងគ្រោះដោយសារ បញ្ហាផ្លូវតូចចង្អៀត ព្រោះថា អាជ្ញាធរមានដំណោះស្រាយត្រឹមតែដាក់បង្កាន់ដៃ និងបង្គោលភ្លើងតែប៉ុណ្ណោះ ចំណែកបញ្ហាផ្លូវបត់ចុះចូលក្នុងភូមិ គឺនៅតែមានភាពលំបាកដដែល។
សូមបញ្ជាក់ថា នាពេលកន្លងមក អភិបាលរងខណ្ឌកំបូល លោក ទ្រី ណារ៉េត ក៏បានចុះមកដល់ទីតាំង និងបានពន្យល់បងប្អូនប្រជាពលរដ្ឋថា ខាងអាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលខណ្ឌ ក៏បានធ្វើលិខិតដាក់ជូន ទៅកាន់ស្ថាប័នពាក់ព័ន្ធរួលរាល់ហើយ និងក៏កំពុងរង់ចាំការឆ្លើយតបពីថ្នាក់លើផងដែរ។ ក្នុងគម្រោងដែលអាជ្ញាធរ នឹងរៀបចំធ្វើដោយមានរៀបបង្កាន់ដៃស្ពានបន្ថែម ដើម្បីឲ្យកាន់តែមានសុវត្ថិភាព ដល់បងបង្អូនប្រជាពលរដ្ឋ និងមានដាក់អំពូលភ្លើង ហើយក៏មានគម្រោងក្នុងការធ្វើរង្វង់មូលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សូមសំណូពរដល់អាជ្ញាធរមូលដ្ឋាន មេត្តាជួយពន្លឿន រៀបចំផ្លូវមួយខ្សែនេះឲ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាព៕