(ស្ទឹងត្រែង)៖ ដោយមានការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យ និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៥៦៧ នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម រួមទាំងប្រជាពលរដ្ឋ កម្មករ ចូលរួមចំនួន ៥,៧៣៦នាក់ នៅអនុវិទ្យាល័យស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ការពិនិត្យ និងព្យបាលជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងនេះ ក៏មានការសហការជាមួយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសេសាន តាមរយៈ លោក មែន គុង ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងក្រុមការងារ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្ម ចុះជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារ ក្នុងខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តតាកែវ ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

លោកបានបញ្ជាក់បន្ថែមថា «សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន សម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះមុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង»។

លោក លេង​ ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៣ មេសា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ (មួយម៉ឺនមួយពាន់ប្រាំពីររយប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៣៦៥នាក់ (ប្រាំមួយពាន់មីរយហុកសិបប្រាំនាក់)»

លោកបន្ថែមថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១០០៦លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៦៧១,២១៩នាក់ (ដប់មួយលាន ហុកសិបប្រាំពីរម៉ឺន មួយពាន់ ពីររយដប់ប្រាំបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩៥៦,៦៧៩នាក់ (ប្រាំលាន កៅសិបប្រាំម៉ឺន ប្រាំមួយពាន់ ប្រាំមួយរយ ចិតសិបប្រាំបួន នាក់) គិតត្រឹម ថ្ងៃទី២៣ខែមេសា ឆ្នាំ ២០២៣ បានចំនួនបានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ។

សូមជម្រាបថា ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥១៤,៥៤៥ ដូស (ដប់លាន ហាសិបមួយម៉ឺនបួនពាន់ប្រាំរយសែសិបប្រាំ ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៨៣,៥៦០,៩៥០ដុល្លារ (ប្រាំរយប៉ែតសិបបីលានហាសិបប្រាំមួយម៉ឺន ប្រាំបួនរយហាសិប ដុល្លារសហរដ្ឋអាមេរិក)។

ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរព ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។

ជាចុងក្រោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត។ សូមអរគុណបងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»