(កណ្ដាល)៖ លោកយាយឈ្មោះ ហ៊ាន សឿង (ហៅ តក់) អាយុ៧០ឆ្នាំ រស់នៅភូមិចុងកោះថ្មី ឃុំកោះធំ «ក» ស្រុកកោះធំ ដែលត្រូវបានសារព័ត៍មានផ្សព្វផ្សាយពីទុក្ខលំបាកនោះ តាមពិតលោកយាយទទួល បានប័ណ្ណសមធម៌ (ក្រ១) ចាប់តាំងពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ដោយទទួលបានប្រាក់ឧបត្ថម្ភ ២២,៤០០០រៀល ក្នុងមួយខែ និងទទួលការទំនុកបំរុងជាប្រចាំពីសាខាកាកបាទក្រហមខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ស្រុក និងរដ្ឋបាលស្រុកកោះធំ។

នេះបើតាមការឲ្យដឹងពីលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ។

លោក គង់ សោភ័ណ្ឌ បានថ្លែងទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះលំបាកដោយមិនបានជួយសង្គ្រោះឡើយ។

ជាក់ស្តែង លោកយាយឈ្មោះ ហ៊ាន សឿង (ហៅ តក់) អាយុ៧០ឆ្នាំ រស់នៅភូមិសាស្ត្រខាងលើ មានជីវភាពល្អប្រសើរ ពោលគឺលោកយាយ មានផ្ទះរស់នៅសមរម្យ មានស្បៀងអាហារគ្រប់គ្រាន់ ប៉ុន្តែជាទម្លាប់ឧស្សាហ៍របស់លោកយាយ និងប្តី ដែលតែងតែរករបរចិញ្ចឹមជីវិតតិចតួចកំដរជីវភាពប្រចាំថ្ងៃតាមទម្លាប់អ្នកជនបទស្រែចំការតែប៉ុណ្ណោះ ។

លោក គង់ សោភ័ណ្ឌ ថ្លែងបន្តថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមខេត្តកណ្តាល និងរដ្ឋបាលស្រុកកោះធំ ក៏ថែមទាំងបាននាំយកស្បៀងអាហារ សម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារលោកយាយតក់ ដែលសរុបជាថវិកា ១លាន៦០ម៉ឺនរៀលថែមទៀតផង ។

ជាការឆ្លើយតបរបស់លោកយាយ លោកយាយបានលើកម្រាមដៃ១០អរគុណជាអនេកកប្បការដល់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភជាប្រចាំខែមិនដែលលួសខែឡើយ ហើយជំនួយឧបត្ថម្ភនេះ បានជួយចិញ្ចឹមជីវិតរបស់លោកយាយ និងស្វាមីរស់នៅយ៉ាងងាយស្រួល គ្មានទុក្ខលំបាកបន្តិចសោះឡើយ។

លោកយាយថា ពេលទំនេរ គ្មានអ្វីធ្វើក៏ចេះតែចុះរាវខ្ចងខ្ចៅកម្សាន្តកំដរអារម្មណ៍មនុស្សចាស់ប៉ុណ្ណោះ មិនមែនដោយសារខ្វះខាតឡើយ៕