(តួកគី)៖ យោងតាមរបាយការណ៍ស្រាវជ្រាវ និងស៊ើបអង្កេតបានឲ្យដឹងថា អ្នកកាសែត BBC ឈ្មោះ Jacqueline Sutton ភេទស្រី វ័យ៥០ឆ្នាំ ពិតជាបានចង-ក នៅក្នុងបន្ទប់ទឹកនៃអាកាសយានដ្ឋានមួយនៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី១៣ ខែកក្កដា។
លោកស្រី Sutton ត្រូវបានគេប្រទះឃើញចង-ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក នៅអាកាសយានដ្ឋាន Ataturk Airport ក្នុងទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ មូលហេតុដែលនាំឲ្យលោកស្រី Sutton ត្រូវបានគេរកឃើញថា ដោយសារតែគាត់បានខកខាតជើងយន្តហោះ ពីទីក្រុងអ៉ីស្តង់ប៊ុល ទៅកាន់ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។
មុនពេលកើតហេតុ លោកស្រី Sutton បានប្រាប់បុគ្គលិកបម្រើការងារនៅក្នុងអាកាសយានដ្ឋានថា គាត់មិនមានលុយទិញសំបុត្រយន្តហោះថ្មីនោះទេ ហើយមូលហេតុដែលនាំឲ្យគាត់ខកខាននោះគឺដោយសារតែគាត់បានផឹកបៀរអស់ចំនួន ២កំប៉ុងនៅក្នុងកន្លែងរង់ចាំ ក្នុងអាកាសយានដ្ឋាន ហើយក្រោយមក ក៏មានអារម្មណ៍មិនស្រួល ក៏ចូលបន្ទប់ទឹក ប៉ុន្តែពេលចេញមកវិញ ស្រាប់តែយន្តហោះនោះ បានហោះចោលលោកស្រីបាត់។
ក្រោយពីកើតហេតុ បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ថា សំបុត្រយន្តហោះរបស់លោកស្រី Sutton ត្រូវបានលុបចោល ដោយលោកស្រីនឹងទិញសំបុត្រយន្តហោះថ្មី ប៉ុន្តែគេមិនបានឃើញលោកស្រី ទិញសំបុត្រថ្មីឡើយ។
ករណីនោះ ត្រូវបានក្រុមស៊ើបអង្កេត បើការស៊ើបអង្កេតរហូតមកដល់ពេលនេះ ទើបប្រកាសលទ្ធផលនៃការស៊ើបអង្កេត ដោយបានបញ្ជាក់ថា លោកស្រីពិតជាបានចង-ក សម្លាប់ខ្លួនមែន៕