(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងបុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាចាក់អង្រែ ភូមិ ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន១,៧២៧នាក់ និងបានបញ្ជូនមកព្យាបាលបន្ត៨នាក់ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ យុវជនសសយក យុវជនអមត យុវជនកាកបាទក្រហមកម្ពុជា បុគ្គលិកធនាគារព្រីនស៍ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត យ៉ាងច្រើនកុះករ។

លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធាន ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករកម្មការីនី និងបងប្អូនដែលប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារនាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹក និងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រី បានផ្តាំផ្ញើតាមរយៈលោក ឲ្យក្រុមការងារជួយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យព្យាបាលជំងឺ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នា ដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

តាមរបាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ ស្មើនឹង ៣,១៧៥ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ១១ករណី។

ក្នុងរបាយការណ៍ បានបង្ហាញថា ជំងឺដែលបានព្យាបាលនាពេលនោះរួមមាន៖ ផ្នែកជំងឺទូទៅបានចំនួន ១៧០៧ករណី, ផ្នែកជំងឺមាត់ធ្មេញបានចំនួន ២០៤ករណី, ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កបានចំនួន ៩០ករណី, ផ្នែកជំងឺភ្នែកបានចំនួន ៤៩៩ករណី, ផ្នែកជំងឺរោគស្រ្តីបានចំនួន ១២០ករណី, ផ្នែកអេកូសាស្រ្តបានចំនួន ១២០ករណី, ផ្នែកវះកាត់តូចបានចំនួន ២៧ករណី, ផ្នែកជំងឺបេះដូងបានចំនួន ៦០ករណី, ផ្នែកជំងឺសើស្បែកបានចំនួន ១០ករណី, ផ្នែកជំងឺឫកដូងបាតបានចំនួន ០ករណី, ផ្នែកជំងឺសន្លាក់បានចំនួន ១៨០ករណី, ផ្នែកមន្ទីរពិសោធន៍បានចំនួន ១៥៨ករណី, និងវិធានសុខាភិបាលបានចំនួន ០ករណី ៕