(ពោធិ៍សាត់)៖ ជួរភ្នំក្រវាញ មានទំហំ ១.៥លានហិកតា ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា ដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍។
បន្ថែមពីនេះជួរភ្នំក្រវាញ គឺជាទីជម្រកដ៏ធំទី២ របស់សត្វដំរីព្រៃ បន្ទាប់ពីតំបន់ភូមិភាគឦសាន្ត ខណៈក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យតំបន់នេះ ក្លាយជាជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ពេលបច្ចុប្បន្ន សត្វដំរីអាស៊ី ដែលមានវត្តមានកម្ពុជា នៅសល់ប្រហែលចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រកអំណោយផល ដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា តាមរយៈរូបទទួលបានពីកាំមេរ៉ាស្វ័យប្រវត្តិ បានបញ្ជាក់ថា មានវត្តមានកូនសត្វដំរីព្រៃអាស៉ីច្រើន ដែលបានដើរជាមួយហ្វូង ដែលនេះជាចំណុចមួយនៃក្តីសង្ឃឹមសម្រាប់ក្រុមការងារអភិរក្ស ដោយរំពឹងថាចំនួនសត្វដំរីព្រៃនេះកើនឡើង។ រយៈពេល១០ឆ្នាំចុងក្រោយនេះ នៅតំបន់ជួរភ្នំក្រវាញ មិនមានបទល្មើសបាញ់សត្វដំរីយកភ្លុកនោះទេ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបន្តថា «នៅតំបន់ជួរភ្នំក្រវាញនេះ ជាទីតាំងមានសត្វដំរីព្រៃអាស៉ីរស់នៅ អ៊ីចឹងតំបន់ដែលយើងមើលនេះ គឺពាក់ព័ន្ធនឹងស្ថានភាពជម្លោះរវាងមនុស្ស និងដំរី បានបង្កផលអវិជ្ជមានជាច្រើន ដែលយើងឃើញទទួលរងភាពតានតឹងបណ្តាលឱ្យដំរីព្រៃមានបញ្ហាជាច្រើនចំពោះសុខភាពរបស់វា កាលណាដែលវាមានបញ្ហា ដំរីវាត្រូវការដើររហូតដល់៨០ ទៅ១០០គីឡូម៉ែត្រ នៅពេលព័ទ្ធជុំវិញដោយឧបសគ្គ អ៊ីចឹងវាអត់ដើរធ្វើឱ្យមានបញ្ហាសុខភាព មានបញ្ហាផ្លូវចិត្ត»។
ដោយឡែក បើតាមលោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានបញ្ជាក់ថា នៅក្នុងតំបន់ភូមិផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងការអនុវត្តគម្រោង ដំណាំដើម្បីការអភិរក្ស សត្វដំរីអាស៊ី។ នៅកម្ពុជា យើងមិនទាន់មានជម្លោះខ្លាំងក្លា ដូចនៅប្រទេសមួយចំនួនដូចជា៖ អាហ្រ្វិក ឥណ្ឌា ស្រីលង្កាទេ។ សម្រាប់នៅកម្ពុជាយើងនេះសត្វដំរី វាក៏ធ្លាប់ចូលមកស៊ីដំណាំរបស់បងប្អូនកសិករយើងដែរ ដូចជា ក្នុងឆ្នាំ១៩៩៦ ឆ្នាំ១៩៩៧ ក៏ធ្លាប់កើតបញ្ហានេះឡើងដែរ។ មិនមែនតែទីកន្លែងនេះទេ សូម្បីតែនៅតាមតំបន់ជួរភ្នំក្រវាញ ក្នុងនោះដូចជា តំបន់ពេជ្រនិល គីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ តំបន់បូទុមសាគរ ជីផាត ខេត្តកោះកុង ក៏មានបញ្ហាជម្លោះរវាងសត្វដំរី ជាមួយមនុស្សនេះដូចគ្នា។
លោកបានបន្ថែមថា៖ «នៅកន្លែងនេះ គឺគ្រាន់ជាគំរូមួយទេមិនទាន់ជាគម្រោងដែលធំដូចអ្វីដែយើងចង់បាន។ ឧបមាថា ទីកន្លែងនេះមានស្រូវ ឬចេក និងទីតាំងខ្លះដំាអំពៅ អ៊ីចឹងមានន័យវាជាដំណាំទាក់ទាញសម្រាប់សត្វដំរី។ អ៊ីចឹងដើម្បីកុំឱ្យវាកើតមានផលប៉ះពាល់ណាមួយជាមួយសត្វដំរី ទើបយើងបានណែនាំឱ្យបងប្អូនធ្វើការផ្លាស់ប្តូរដំណាំណាមួយដែលពុំទាក់ទាញដល់សត្វដំរី។ យើងនឹងពង្រីកនៅតាំងភូមិ ហើយថ្ងៃខាងមុខ យើងនឹងពង្រីកទៅកាន់តំបន់ ផ្សេងៗទៀត»។
នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានលើកឡើង បានបន្ថែម គម្រោងមួយនេះ បានចាប់ផ្តើមរយៈពេលជិត ៣ឆ្នាំហើយ។ តំបន់នេះត្រូវបានរៀបចំឡើងចំនួន២កន្លែង គឺតំបន់ការពារធម្មជាតិ ភូមិប្រទាលជ្រុំ និងភូមិផ្ចឹកជ្រុំ។ ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលទទួលបានក្នុងការចូលគម្រោងនេះត្រូវបានគេណែនាំឱ្យដាំដំណាំដែលមិនទាក់ទាញដល់សត្វដំរី ដូចជា៖ ដាំសណ្តែកកួរ ត្រសក់ទ្រើង ម្ទេស ត្រប់ជាដើម។
លោក ទុយ សេរីវឌ្ឍនា បានឱ្យដឹងថា សត្វដំរីព្រៃ អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
តាមរយៈគម្រោងផែនការ និងក៏ដូចជាកិច្ចការពារអភិរក្ស សត្វដំរីទាំងក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលមានរយៈពេល ១០ឆ្នាំ គ្រោងចំណាយថវិកា ៤០លានដុល្លារ ដែលស្ថិតនៅក្រោមក្របខណ្ឌ ផែនការសកម្មភាពចំនួន៧ធំៗក្នុងនេះក៏មានគម្រោងកាត់បន្ថយជម្លោះរវាងសត្វដំរី ជាមួយមនុស្សផងដែរ។ ក្រៅពីមានបញ្ហាទាំងនេះគេក៏ឃើញអន្ទាក់បានបង្កើតជាបញ្ហាដល់សុវត្ថិភាពរបស់សត្វដំរីព្រៃ ដែលមានវត្តមាននៅប្រទេសកម្ពុជា៕