(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល។

ពិធីនេះ មានការចូលរួមពី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំ សមាជិកសមាជិកាក្រុមការងារយុវជនស្រុក-ឃុំ និងសមាជិកសមាជិកាក្រុមការងារយុវជនទាំង២ឃុំ (ឃុំព្រែកតាមាក់ និងឃុំពុកប្ញស្សី) ដែលមានសមាសភាពចូលរួមថ្ងៃនេះ សរុបចំនួន៤៨១នាក់។
សមាជិកសមាជិកាជាយុវជន ដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលនេះ មាន២ឃុំ សរុបចំនួន៤៤២នាក់ ក្នុងនោះឃុំព្រែកតាមាក់ ចំនួន៣៤៦នាក់ និងឃុំពុកប្ញស្សី ចំនួន៩៦នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរចំពោះសមាជិក សមាជិកាជាយុវជន ដែលបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ។

លោកបណ្ឌិតបានរំលឹក និងជម្រាបជូនក្មួយៗ ជាយុវជនដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១​ ដែលមានអាយុកាល ៧២ឆ្នាំ គិតមកដល់ឆ្នាំ២០២៣​នេះ ហើយលោកបណ្ឌិត ក៏បានស្នើដល់ក្មួយៗជាយុវជន ដែលជាសមាជិកគណបក្សទាំងអស់ ដូចខាងក្រោម៖
១៖ ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង។
២៖ ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាព ឲ្យបានជាដាច់ខាត។​
៣៖ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត។
៤​៖ ត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទីតាមទីសាធារណៈ។
៥៖ ត្រូវស្វែងយល់ និងពង្រឹកសមត្ថភាពផ្នែកព័ត៌មានវិទ្យា។​
៦៖ ត្រូវចូលរួមការងារបោះឆ្នោត ដូចជា ការងារឃោសនា និងសង្កេតការណ៍ -ល- និង
៧ ត្រូវចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានរំឮកអំពីគុណបំណាច់របស់គណបក្ស ក្នុងការស្វែងរកសន្តិភាព និងករសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះ-ឈ្នះ។

ជាថ្មីម្តងទៀត លោកបណ្ឌិត ក៏បានជម្រាបជូនអំពីការរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានលើកទឹកចិត្តដល់យុវជន ឲ្យទៅចូលរួមទស្សនាឲ្យបានច្រើនកុះករ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ អាចចូលរួមទស្សនាដោយសេរី និងទទួលបានសំបុត្រ ដោយមិនគិតថ្លៃ ក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែល លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សឃុំទាំង២ និងសមាជិកសមាជិកបក្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕