(កំពង់ធំ)៖ សមាជិកថ្មីចំនួន៨១០នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍គ្រប់ពេលវេលា ហើយក៏មិនប្រកាន់ពីនិន្នាការអ្វីទាំងអស់ ចំពោះបងប្អូនណាដែលស្ម័គ្រចិត្ត ដោយស្មោះចូលមករស់ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន៨១០នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង រៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ថា យ៉ាវ បានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយ របស់បងប្អូនទាំង៨១០នាក់ ជាមួយគណបក្សប្រជាជនកម្ពុជា ពេលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយ មានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។
លោកបានបន្ដថា ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែរស់នៅរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ មិនតែប៉ុណ្ណោះនៅពេលប្រជាជន មានការលំបាកគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ឬរត់ចោលប្រជាជនឡើយ ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ នឹងហែលឆ្លងការលំបាក ជាមួយប្រជាជនកម្ពុជាជានិច្ច ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។
ប្រធានក្រុមការងាររូបនេះ បានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកាថ្មីទាំង៨១០នាក់ ជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ការជឿជាក់ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈសមាជិកថ្មីទនេះបានធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំងខ្លាំងក្លាថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍប្រទេស។
លោក ថា យ៉ាវ បានបន្តទៀតថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិវិញក៏មានស្ថិរភាពនយោបាយល្អ ក្នុងនោះថែមទាំងថែរក្សាយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យហើយក៏កំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ៕