(ពោធិ៍សាត់)៖ អតីតជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមពីឈើធម្មជាតិ លោក ពួច រ៉ា បានអនុវត្តគម្រោងដំណាំការពារដំរីអាស៉ី នៅភូមិផ្ជឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំពុងប្រកបរបរដាំដំណាំចម្រុះលើផ្ទៃដី ១ម៉ឺនម៉ែត្រការ៉េ ដោយទទួលបានចំំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ។

គម្រោងដំណាំការពារដំរីអាស៉ី (បន្ធូរបន្ថយជម្លោះរវាងមនុស្ស និងដំរី) បានចាប់ផ្តើមដំបូងមានចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន២ គឺឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងឱកាសចុះទស្សនកិច្ចនៅលើចំការដែលអនុវត្តគម្រោងដំណាំការពារដំរីអាស៉ី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ, លោក ពួច រ៉ា បានថ្លែងថា «កាលពីមុនខ្ញុំបង្កើតមុខរបរលើព្រៃឈើ (កែច្នៃគ្រឿងសង្ហារឹម) ប៉ុន្តែមើលឃើញថា មិនអាចឱ្យគ្រួសារលោកមានជីវភាពសមរម្យនឹងគេនោះទេ ទើបលោកងាកមកប្រកបរបរកសិកម្ម ដោយអនុវត្តតាមគម្រោងដំណាំការពារដំរីអាស៉ី យើងដំលើផ្ទៃ ១០,០០០ម៉ែត្រការ៉េ ដែលមានដំណាំចម្រុះ»

លោក ពួច រ៉ា បានបន្តថា សម្រាប់ដំណាំដែលលោកបានដាំនៅលើផ្ទៃដីនេះ មានតាសក់ទ្រើង សណ្តែកកួរ, ត្រប់ ម្ទេស និងដំំណាំផ្សេងៗទៀត។ សម្រាប់ដំណាំរបស់លោក គឺមិនប្រើប្រាស់ជីគីមីនោះទេ ខណៈតម្លៃដំណាំរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

កសិករ ពួច រ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្លែតាសក់ លក់ចេញបានតម្លៃ ២០០០រៀល ក្នុង១គីឡូក្រាម, សណ្តែកកួរ ទទួលបានតម្លៃ ៤,៥០០រៀល ក្នុង១គីឡូក្រាម។ «បន្លែគាត់មានទីផ្សារគ្រាន់តែទៅដល់ដណ្តើមគ្នា គេឃើញយើងដាំនៅនេះ (គម្រោងដំណាំការពារដំរីអាស៉ី) អត់ប្រើប្រាស់ជីគីមី គេចង់បានគ្រប់ៗគ្នា...! ខ្ញុំតាំងពីដាំដំណាំនេះមក ខ្ញុំសប្បាយចិត្តមានចំណូលប្រចាំថ្ងៃ ក្នុង១ថ្ងៃ ដោយទទួលចំណូលបានចាប់ពី ១២ម៉ឺនរៀល ទៅ១៣ម៉ឺនរៀល»

បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ ក្រសួងបរិស្ថាន បង្កើតសេដ្ឋកិច្ចមូលដ្ឋានជូនដល់ប្រជាសហគមន៍។ ជាកស្តែងនៅតំបន់ភូមិផ្ជឹកជ្រុំ ឃុំប្រមោយនេះជាតំបន់នៅជាប់តំបន់ការពារធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអង្គការដៃគូបានធ្វើការរួមគ្នា ដើម្បីកាត់បន្ថយពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា បានបន្តថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន នាំចេញនៅនឹងកន្លែង ផ្តល់ជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ និងបង្កើតប្រភពចំណូលដល់ប្រជាពលរដ្ឋដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ កសាងរបងបៃតងការពារធនធានធម្មជាតិ។ ចំពោះគម្រោងដំណាំការពារដំរីអាស៊ីនេះ ដើម្បីទប់ស្កាត់បញ្ហាប្រឈម ដោយសារតំបន់មួយកន្លែងនេះ គឺជាទីកន្លែងដែលសត្វដំរីឆ្លងកាត់ ដោយក្នុងនេះដំរីវាអាចស៊ីដំណាំអ្នកស្រុក។ «អ៊ឹចឹងដើម្បីការពារសត្វដំរី យើងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយបានអនុវត្ត នូវគម្រោងមួយនេះ»

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នៅកន្លែងនេះតំបន់ព្រៃស្រោង ដែលជាកន្លែងរស់នៅរបស់សត្វដំរី ប៉ុន្តែដោយសារកំណើន របស់ប្រជាជន បានធ្វើឱ្យមានការទន្រ្ទានដីព្រៃ ហើយក្នុងកន្លែងខ្លះជាទីជម្រករបស់វាដែលបង្កឱ្យមានជម្លោះរវាងមនុស្ស និងសត្វដំរី។ ក្នុងនេះដំរីជាសត្វរកស៊ីចំណីអាហារ បែបវិលជុំបានសេចក្តីថាបើវាធ្លាប់រកស៊ីតំបន់ណាមួយហើយ វាតែងមកកន្លែងនោះវិញដដែល។ ហេតុនេះបើកន្លែងណាមួយ ក្រុមមនុស្ស បានប្រើប្រាស់កន្លែងវា សម្រាប់អាស្រ័យផលដំាំដំណាំនោះ ដំរីវាតែងមកកំទេច ដំណាំរបស់អ្នកស្រុកចោលហើយ។ ការកើតនូវហេតុការណ៍បែបនេះវានឹងបង្កឱ្យមានជម្លោះរវាងមនុស្ស និងសត្វដំរីពុំខាន។ ដណ្តើមកន្លែងទីតាំងគ្នា ក្នុងការរកចំណី និងប្រកបរបរកសិកម្មចិញ្ចឹមជីវិត។ ព្រោះតែហេតុផលនេះ ហើយទើបគេបានបង្កើត គម្រោងមួយសម្រាប់ដោះស្រាយបញ្ហានេះឡើង ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរី។

ដោយឡែកលោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានបន្តថា នៅក្នុងតំបន់ភូមិផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងការអនុវត្តគម្រោងដំណាំការពារសត្វដំរីអាស៊ី។ នៅកម្ពុជា យើងមិនទាន់មានជម្លោះខ្លាំងក្លា ដូចនៅប្រទេស មួយចំនួនដូចជា៖ អាហ្រ្វិក ឥណ្ឌា ស្រីលង្កាទេ។ សម្រាប់នៅកម្ពុជាយើងនេះ សត្វដំរី វាក៏ធ្លាប់ចូលមកស៊ីដំណាំរបស់បងប្អូនកសិករយើងដែរ ដូចជា ក្នុងឆ្នាំ១៩៩៦ ឆ្នាំ១៩៩៧ ក៏ធ្លាប់កើតបញ្ហានេះឡើងដែរ។ មិនមែនតែទីកន្លែងនេះទេ សូម្បីតែនៅតាមតំបន់ជួរភ្នំក្រវាញ ក្នុងនោះដូចជា៖ តំបន់ពេជ្រនិល គីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ តំបន់បូទុមសាគរ ជីផាត ខេត្តកោះកុង ក៏មានបញ្ហាជម្លោះ រវាងសត្វដំរី ជាមួយមនុស្សនេះដូចគ្នា។

លោកបានបញ្ជាក់បន្ថែមថា៖ «នៅកន្លែងនេះ គឺគ្រាន់ជាគំរូមួយទេ មិនទាន់ជា គម្រោងដែលធំដូចអ្វីដែយើងចង់បាន។ ឧបមាថា ទីកន្លែងនេះ មានស្រូវឬចេក និងទីតាំងខ្លះ ដំាអំពៅ អញ្ចឹងមានន័យ វាជាដំណាំទាក់ទាញសម្រាប់សត្វដំរី។ អ៊ឹចឹងដើម្បីកុំឱ្យវាកើតមានផលប៉ះពាល់ណាមួយ ជាមួយសត្វដំរី ទើបយើងបាន ណែនាំឱ្យបងប្អូន ធ្វើការផ្លាស់ប្តូរដំណាំ ណាមួយ ដែលពុំទាក់ទាញដល់សត្វដំរី។ យើងនឹងពង្រីកនៅតាំងភូមិ ហើយថ្ងៃខាងមុខ យើងនឹងពង្រីកទៅកាន់តំបន់ ផ្សេងៗទៀត»

នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានលើកឡើង បញ្ជាក់បន្ថែមថា គម្រោងមួយនេះ បានចាប់ផ្តើម រយៈពេលជិត ៣ឆ្នាំហើយ។ តំបន់នេះ ត្រូវបានរៀបចំឡើងចំនួន២កន្លែង គឺតំបន់ការពារធម្មជាតិ ភូមិប្រទាល ជ្រុំ និងភូមិផ្ចឹកជ្រុំ។ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលទទួលបានក្នុងការចូលគម្រោងនេះ ត្រូវបានគេណែនាំឱ្យដាំដំណាំ ដែលមិនទាក់ទាញដល់សត្វដំរី ដូចជា ដាំសណ្តែកកួរ ត្រសក់ទ្រើង ម្ទេស ត្រប់ជាដើម៕