(ព្រះសីហនុ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី «វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ឱកាសការងាររហូតដល់ ១ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាសធំៗ ចំនួន១៣ នឹងត្រូវផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ដូច្នេះ សូមសាធារណជន ពិសេសយុវជន ចូលរួមឲ្យបានច្រើនកុះករ និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ១៣។

ក្រុមហ៊ុនធំៗទាំង ១៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន RMA, Wing Bank, ធនាគារហត្ថាកសិករ, ធនាគារABA, ធនាគារ ហេង ហ្វឹង( ខេមបូឌា) ម.ក, មីក្រូហិរញ្ញវត្ថុ AMK,Hotel & Casino SIHATREASURE, អង្គការម្លប់តាប៉ាង, Bamboo Finance Plc, Tremulia, ក្រុមហ៊ុន Kofi., កោះឬស្សី Resort និង Prince Supper Market។

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗ ពីសំណាក់វាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោង ILO-China Partnership Project។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង០១៧ ៤៦៧ ៤២៣/ ០១៧ ៨៧១ ៨០៧/ ០៩៦ ២១៥៥ ១៦២៕