(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់នេះថា ខ្លួនពុំមានភាពចាំបាច់ដើម្បីពិភាក្សាជាមួយ គណបក្សសង្រ្គោះជាតិ ដោះស្រាយរឿងលាភពណ៌នោះទេ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនបាននិយាយ លាបឱ្យគណបក្សប្រឆាំង រឿងនៅពីក្រោយខ្នងអំពើឃាតកម្មលើ លោក កែម ឡី ដូចមេបក្សប្រឆាំងនោះឡើយ។
លោក សុខ ឥសាន បានបន្តថ្លែងថា ការស៊ើបអង្កេតលើករណីឃាតកម្ម ទៅលើ លោកបណ្ឌិត កែម ឡី គឺជាតួនាទី និងភារកិច្ចរបស់សមត្ថកិច្ចជំនាញ ដូច្នេះគណបក្សមិនគួរលូកដៃឡើយ។ លោកថា កន្លងមកគណបក្សប្រជាជនកម្ពុជា ពុំបានចោទប្រកាន់គណបក្សណាមួយថា នៅពីក្រោយឃាតកម្មនេះឡើយ ដោយសារតែលទ្ធផល នៃការស៊ើបអង្កេតមិនទាន់ត្រូវបានបង្ហាញ។
ទោះបីយ៉ាងណាអ្នកនាំពាក្យបក្សកាន់អំណាចរូបនោះបានបញ្ជាក់ថា បក្សកាន់អំណាច មិនដែលលាបពណ៌បក្សផ្សេងនោះទេ មានតែមេដឹកនាំកំពូលបក្សប្រឆាំងទេ ដែលបាននិយាយ លាបពណ៌កាន់អំណាចមុនគេ។
ការអះអាងរបស់ លោក សុខ ឥសាន បែបនេះបានធ្វើឡើងបន្ទាប់ពី មន្រ្តីគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យ មានការជួបគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយ គ្នាទៅលើ ការនិយាយលាបពណ៌ ក្រោយមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏ល្បីល្បាញនៅកម្ពុជា។
លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ស្ថានភាពនយោបាយពេលនេះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយត្រូវមានការពិភាក្សារវាងគណបក្សធំៗទាំងពីរ ដើម្បីដោះស្រាយបញ្ហាលាបពណ៌ និងចូលរួមស៊ើបអង្កេតលើករណីសម្លាប់ លោកបណ្ឌិត កែម ឡី ជាដើម។
លោក អេង ឆៃអ៊ាង បាននិយាយថា «គណបក្សសង្រ្គោះជាតិសុំអំពាវនាវ ដោយទទូចទៅគណបក្សកាន់អំណាច ដើម្បីឲ្យមានការជួបជជែកគ្នា ព្រោះឥឡូវនេះ ស្ថានការណ៍ នៃអំពើឃាតកម្ម លើលោកបណ្ឌិត កែម ឡី នេះ ជាស្ថានការណ៍ធ្ងន់ធ្ងរណាស់។ ដូច្នេះយើងមិនចង់ឲ្យមានការបាច់ទឹកដាក់គ្នា មិនចង់ឲ្យមានការ ចោទប្រកាន់គ្នា យើងចង់ឲ្យមានការរកស៊ើបអង្កេត ដោយមានការឯករាជ្យមួយ ដោយយើងចង់ជួបជជែកគ្នារវាងគណបក្សធំទាំងពីរ។ ព្រោះឥឡូវនេះយើងកត់ សម្គាល់ឃើញថា មានការប្រឌិតព័ត៌មានច្រើនមែនទែន ជុំវិញរឿងឃាតកម្មនេះ»។
ទោះជាយ៉ាងណាក៏ដោយ ករណីឃាតកម្មទៅលើ លោកបណ្ឌិត កែម ឡី នៅស្តាម៉ាតស្ថានីយសាំងកាលតិច ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកនយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចោទរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នង នៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី មុនគេបង្អស់ ក្រោយកើតហេតុតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានប្រតិកម្មខ្លាំងៗឆ្លើយតបនឹង លោក សម រង្ស៊ី នោះទេ ប៉ុន្តែសម្តេចបានជំរុញឱ្យ ពលរដ្ឋគិតអំពីភាពស៊ីជម្រៅ នៃឃាតកម្មនេះ តាមរយៈការដាក់ជាសំណួរថា តើនរណាគេជាអ្នកចំណេញបំផុតពីករណី ឃាតកម្មលើ លោកបណ្ឌិត កែម ឡី នាពេលនេះ? ហើយថារាជរដ្ឋាភិបាលកម្ពុជា ពិតជាអ្នកខាតបង់ធ្ងន់បំផុត ដោយម្យ៉ាងប្រឈមជាមួយការគិត របស់ពលរដ្ឋថា រដ្ឋាភិបាលមិនអាចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋបាន និងម្យ៉ាងទៀតគឺជាការលាបពណ៌ដាក់រដ្ឋាភិបាលតែម្តង៕