(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះ​សំណាល​ជា​មួយ​ថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់។

ជំនួបសំណេះសំណាល បានធ្វើឡើងសាលមហោស្រពកោះពេជ្រ។ ជំនួប​សំណេះ​​សំណាលធ្វើឡើង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដោយគណៈចលនាសហជីព គណៈកម្មការដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនា​កម្មករ​និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន គណៈកម្មាធិការ​គណបក្ស​រាជ​ធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីនោះ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការ​កណ្តាល​គណ​បក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធាន​គណៈ​កម្មាធិការដឹកនាំការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនា​កម្មករ​និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញ​របាយ​ការណ៍មួយចំនួនពាក់ព័ន្ធការងារកសាងសមាជិកបក្សនៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។

បើតាមលោកបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា សមាជិកបក្សប្រជាជនកម្ពុជា នៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះ​ស្ថានការងារនានា ត្រូវបានកសាង និងពង្រីកជាបន្តបន្ទាប់ ជាមួយការគាំទ្រ​យ៉ាង​ខ្លាំងក្លាលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួប​សំណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោ​ជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ​សមាគម សហជីព កម្មករ និយោ​ជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធទាំងអស់ ដែលបានជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ហើយតែងផ្តល់ការគាំទ្រ និងទំនុកចិត្តឱ្យបក្សដឹកនាំប្រទេសជាតិ៕