(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោល នូវព័ត៌មានមិនពិត ដែលលើកឡើងពីវិធានការសុខាភិបាលមួយចំនួន នៅពេលអាកាសធាតុកើនដល់ ៤០-៥០អង្សាសេ ដែលត្រូវបានគេផ្ញើតៗគ្នាក្នុងបណ្តាញសង្គម។

លោកស្រីបានស្នើសុំឱ្យបញ្ឈប់ចែកចាយព័ត៌មាននេះតទៅទៀត ខណៈក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅ​កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូន​ មេត្តាកុំចែកចាយបន្តនូវព័ត៍មានមិនត្រឹមត្រូវ​នេះ។ ក្រសួងសុខាភិបាល​ បានចេញសេចក្តីណែនាំ ស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅ​កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រួចមកហេីយដូចដែលមានភ្ជាប់ជូននៅខាងលើ។ សូមអរគុណ»៕