(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ដើម្បីដោះស្រាយ បញ្ហាប្រឈមនានា ដោយសារកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍ បាននិងកំពុងដាក់ចេញ និងអនុវត្តផែនការស្នូល ចំនួន៤ចំណុច ជាអទិភាព ក្នុងការឆ្លើយតបនឹង កំណើនឥតឈប់ឈរ របស់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅកម្ពុជា សំដៅទប់ស្កាត់ និងបង្ការការពារ ផលប៉ះពាល់នានា លើប្រជាពលរដ្ឋ និងតម្លៃកិត្តិយសនៃប្រទេសជាតិ។
ក្នុងឱកាសបើកសន្និបាត បូកសរុបការងារទេសចរណ៍ នាសណ្ឋាគាររេស៊ីដង់ សុខា ភ្នំពេញ លោករដ្ឋមន្រ្តីបានឱ្យដឹងថា ទន្ទឹមនឹងលទ្ធផលដែលកម្ពុជា ទទួលបានប្រកបដោយមោទនភាព ក្នុងពេលកន្លងមក កម្ពុជាក៏បានជួបនូវបញ្ហាប្រឈម ត្រូវរួមគ្នាដោះស្រាយមួយចំនួន ដែលបញ្ហាទាំងនោះ រួមមាន៖ ទី១.តំបន់ឆ្នេរសមុទ្រកម្ពុជា មិនទាន់បានកែលម្អឱ្យស្រប តាមស្ដង់ដារស្អាត និងបៃតង ឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ ដោយសារការវិនិយោគលើការបង្កើតផលិតផលនៅមានកម្រិត, ទី២.កង្វះខាតលើការងារផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ, ទី៣.ការអនុវត្តច្បាប់ស្ដីពីទេសចរណ៍ នៅមានកម្រិតនៅឡើយ ទាំងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ក៏នៅមិនទាន់ទូលំទូលាយ និងច្បាស់លាស់ដល់ប្រជាពលរដ្ឋ ណិងភ្ញៀវទេសចរនានា, ទី៤.ការតភ្ជាប់មធ្យោបាយធ្វើដំណើរពីអន្តរជាតិ ពិសេសការហោះហើរផ្លូវត្រង់ពីប្រទេសមួយចំនួន ក៏ពុំទាន់មានច្រើន ហើយដំណោះស្រាយសុវត្ថិភាពភ្ញៀវទេសចរ នៅមានការយឺតយ៉ាវ, និងទី៥.ការទប់ស្កាត់ការធ្លុះធ្លាយផ្នែកសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍នៅមានកម្រិត ដែលកន្លងមក បញ្ហានេះ បានកើតមានឡើងប្រមាណ២៥ភាគរយ។
ទោះជាយ៉ាងណា លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់យ៉ាងច្បាស់ថា «ដោយសារបញ្ហាទាំងអស់នេះហើយ ទើបក្រសួងទេសចរណ៍អាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការដោះស្រាយជាបន្តបន្ទាប់ នាពេលកន្លងមក ហើយសម្រាប់ផែនការបន្តទៀត ក្រសួងបានរៀបចំផែនការទប់ស្កាត់ចំនួន៤ចំណុច ដែលជាផែនការអទិភាព រួមមាន៖ទី១.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយបង្កើតឱ្យមានស្ដង់ដារគ្រប់សេវាកម្មទេសចរណ៍ ក្រោមពាក្យថា សេវាមួយ ស្ដង់ដារមួយ, ទី២.ចុះធ្វើការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដោយបានដាក់ចេញនូវយុទ្ធនាការមួយ ក្រោមពាក្យបុគ្គលិកម្នាក់ ជំនាញមួយ, ទី៣.បន្ថែមការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតថ្មី និងសម្បូរបែបជាច្រើន, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
ក្នុងឱកាសនេះដែរ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកឡើងថា «ជាមួយនឹងកំណើនយ៉ាងឆាប់រហ័ស នៃភ្ញៀវទេសសចរមកកម្ពុជា ការរីកចម្រើនជាបន្តបន្ទាប់នូវ តំបន់រមណីយដ្ឋានទេសចរណ៍ ក៏មានការកើនឡើងផងដែរ ក្នុងនោះមាន រមណីយដ្ឋានដែលភ្ញៀវទេសចរបានទៅដល់ មានចំនួន៣៣៥កន្លែង ក្នុងចំណោម១,៤២៩កន្លែង, សណ្ឋាគារមានចំនួន៦១៤សណ្ឋាគារ, ផ្ទះសំណាក់ចំនួន១,៦៦០កន្លែង, មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យចំនួន៨២៣មណ្ឌល, ភោជណីយដ្ឋានចំនួន១,៥៤៧កន្លែង, ទីភ្នាក់ងារទេសចរណ៍ចំនួន៦០៥កន្លែង, និងមានមគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៤,៨៦៣នាក់ ផងដែរ»។
សូមជម្រាបថា ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៤,៧៧៥,២៣១នាក់ កើនឡើង៦.១ភាគរយ ធៀបនឹងឆ្នាំ២០១៤ បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត ហើយអ្វីដែលពិសេសនោះ នៅឆ្នាំ២០២០ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ៧លាននាក់ ជាមួយនឹងប្រាក់ចំណូល ប្រមាណ៥ពាន់លានដុល្លារ ដែលបង្កើតការងារ ដោយផ្ទាល់ជិត១លាននាក់៕