(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដល់សមាជិក សមាជិកាគណបក្ស និងក្រុមគ្រួសារនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវត្រៀមខ្លួន និងមានឯកសារគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។

លោកស្រី ឃួន ឃុនឌី ជំរុញបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោកស្រីបានលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល នឹងអាណត្តិបន្តបន្ទាប់ទៅទៀត គឺដើម្បីប្រទេសជាតិមានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ ព្រមទាំងមានសុខដុមរមនាជា គ្រួសារខ្មែរតែមួយ និងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ឲ្យដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកស្រីបន្តថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ពិសេសចូលរួមអនុវត្តគោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេសយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។

លោកស្រីបន្តទៀតថា បក្សត្រូវយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំងក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្រមកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា និងក្រុមគ្រួសារនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវត្រៀមខ្លួន និងមានឯកសារគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕