(ភ្នំពេញ)៖ លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព រាជរដ្ឋាភិបាលបានអនុញ្ញាត្តឱ្យក្រសួងសុខាភិបាល ជ្រើសរើសចូលក្នុងក្របខណ្ឌរដ្ឋចំនួន ២០០កន្លែង ដើម្បីចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌរដ្ឋចំនួន ២០០កន្លែងនេះ គឺត្រូវធ្វើឡើងតាមការប្រឡងប្រជែង តាមនីតិវិធីជាធរមាន ហើយក៏បានទទួលការឯកភាពពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
យោងតាមតម្រូវការចាំបាច់ក្រសួងសុខាភិបាលត្រូវការជ្រើសរើស មុខជំនាញដូចខាងក្រោម៖ វេជ្ជបណ្ឌិតឯកទេស / វេជ្ជបណ្ឌិតចំនួន ១០០នាក់, ឱសថការី ចំនួន ១១នាក់, បរិញ្ញាបត្រគិលានុបដ្ឋាក ចំនួន១០នាក់, បរិញ្ញាបត្រឆ្មប ១០នាក់, បរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យមចំនួន ៣០នាក់), បរិញ្ញាបត្ររងឆ្មប (ឆ្មបមធ្យម) ចំនួន ៣០នាក់ និងបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ០៩នាក់។
លោកសាស្ដ្រាចារ្យបានបន្ដថា «ការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព មានការចូលរួមពីក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចូលរួមសង្កេតការណ៍ ដើម្បីធានាថាការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយប្រសិទ្ធិភាព និងតម្លាភាព»។ ការប្រឡងប្រជែងនេះ មានរយៈពេល១ថ្ងៃគត់ គឺនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះតែម្តង ដោយបែងចែកជា ៣មណ្ឌលប្រឡងមាន វិទ្យាល័យឥន្ទ្រទេវី ៤៧បន្ទប់, វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ៥៩បន្ទប់, បឋមសិក្សាសន្ធរម៉ុក ៣៨បន្ទប់ សរុបបេក្ខជនចំនួន ៣៥០៨នាក់»។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ដើម្បីដំណើរការប្រឡងប្រជែងបានដោយរលូន ក្រសួងសុខាភិបាលបានរៀបចំគណៈកម្មការ និងអនុគណៈកម្មការ ប្រឡងមួយចំនួន ដោយប្រើប្រាស់មន្ត្រីរាជការសរុបចំនួន ៥៤៤នាក់ រួមមានគណៈកម្មការគ្រប់គ្រងការប្រឡងប្រជែង អនុគណៈកម្មការថវិកានិងសម្ភារៈ អនុគណៈកម្មការចេញវិញ្ញាសា អនុគណៈកម្មការមណ្ឌលប្រឡង អនុគណៈកម្មការកណ្តាល អនុគ ណៈកម្មការអនុរក្ស និងអនុគណៈកម្មការអប្បមាទ។
ចាប់ពីការប្រឡងក្របខណ្ឌឆ្នាំ២០២២ មកដល់ការប្រឡងប្រជែងនាថ្ងៃនេះ ក្រសួងសុខាភិបាល បានធ្វើការកែទម្រង់លើកិច្ចការមួយចំនួន ដូចជាការផ្តល់និងការដាក់ពាក្យសុំប្រឡងរបស់បេក្ខជន មិនមានបង់ថវិកា ការធ្វើកំណែកិច្ចការរបស់បេក្ខជន ដោយប្រើប្រាស់ម៉ាស៊ីន Scanner ជាមួយ Program Software ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព ចំណេញធនធាន និងពេលវេលា ដោយសង្ឃឹមថាលទ្ធផលនៃការប្រឡងប្រជែងនេះ នឹងអាចចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ។
ក្នុងនាមក្រសួងសុខាភិបាល «ខ្ញុំសង្ឃឹមថាការប្រឡងប្រជែងនេះ នឹងទទួលបានជោគជ័យ ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធិភាព នឹងទទួលបានបេក្ខជនដែលមានសមត្ថភាពវិជ្ជាជីវៈសុខាភិបាលច្បាស់លាស់ ដើម្បីបម្រើសេវាសុខាភិបាលជូន ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៕