(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួនាំ ក្រោយធ្វើសកម្មភាពលួចរថយន្តរបស់គេចេញពីយានដ្ឋានជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ផល រីរុំ អាយុ២៤ឆ្នាំ និងដកហូតបានរថយន្ត១គ្រឿង ម៉ាក Range Rover ពាក់ផ្លាកលេខភ្នំពេញ2BT-5818។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល រីរុំ គឺជាជាងជួសជុលរថយន្ត បានលួចរថយន្តខាងលើ ពីការ៉ាស់រថយន្តរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបើករត់គេចខ្លួន។

ម្ចាស់រថយន្តរងគ្រោះឈ្មោះ ទូ គីម ក្រោយពីទទួលបានព័ត៌មានថា ចោរលួចរថយន្តក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទីបំផុតជនសង្ស័យក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ទាក់ឃាត់បានសម្រេចទាំងជនសង្ស័យ និងរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។

ក្រោយសួរនាំ ជនសង្ស័យរួមជាមួយរថយន្ត ត្រូវបានប្រគល់ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕