(ភ្នំពេញ)៖ ដោយមានកិច្ចសម្ភាសន៍ជាច្រើនពាក់ព័ន្ធ និងសេចក្តីថ្លែងការណ៍រួម របស់អង្គការមិនមែនរដ្ឋាភិបាលចំនួន១១ ដែលលេចធ្លោ ក្នុងកិច្ចអត្ថាធិប្បាយចំពោះ ករណីរបស់លោក កែម ឡី។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវលិខិតចំហរឆ្លើយតប នឹងការលើកឡើងរបស់អង្គការទាំង១១ស្ថាបន។
ខាងក្រោមនេះជាលិខិតចំហររបស់លោក ផៃ ស៊ីផាន ឆ្លើយតបនឹងថ្លែងការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលទាំង១១៖
«មុននិងចាប់ផ្តើម ខ្ញុំសូមខមាលទោស គោរពសពរបសលោកបណ្ឌិត កែម ឡី ត្បិតថេរៈវេលានេះ គឺជាការគោរពវិញ្ញាណខ័ណ្ឌរបស់លោក ដែលខ្ញុំពុំចង់ធ្វើអត្ថាធិប្បាយអ្វីមួយ ដែលអាចប៉ះអារម្មណ៍ខ្លួនខ្ញុំផ្ទាល់ ដែលជាដៃគូរក្នុងកិច្ចពិភាក្សាកន្លងមក ក៏ដូចជាការសោកស្តាយចំពោះរូបលោកបណ្ឌិត ដែលចាកចោលពីយើងទាំងអស់គ្នា ក៏ដូចជាមិនបានបញ្ចប់បេសកកម្ម ឬធុរៈកិច្ចរបស់លោកបណ្ឌិត។
១៖ ការលើកឡើងជាលក្ខណៈប្រឌិត និងបំភ័ន្ត ដោយយកករណីឧបទ្ទវហេតុ ដែលកើតឡើងជាមួយបណ្ឌិត កែម ឡី យកភ្ជាប់ដើម្បីយកចំណេញ ពីការចាប់ខ្លួនតំណាងរាស្ត្រ និងមន្ត្រីសង្គមស៊ីវិល ថាជាការបង្កើតឲ្យបរិយាកាសមុនពេលបោះឆ្នោតខាងមុខ ស្ថិតក្នុងការបំភិតបំភ័យ ការគំរាមគំហែង និងការភ័យខ្លាច។ ចម្លើយរបស់ខ្ញុំបន្ថែមទៀត គឺជាការបង្កើតនូវបរិយាកាសអួលអាប់ និងវាយតម្លៃចោទលើរាជរដ្ឋាភិបាល ដែលពុំបានលើកពីហេតុផលអ្វី ដែលជាអង្គហេតុ ដែលបុគ្គលទាំងអស់នោះបានរំលោភច្បាប់ ក៏ដូចជាការប្រព្រឹត្តអំពើពុករលួយ។ ពាក្យដែលអង្គការទាំងអស់នោះ បានលើកឡើង «ការបំភិតបំភ័យ ការគំរាមគំហែង និងការភ័យខ្លាច» គឺជាពាក្យគន្លឹះនៃអង្គប់ ដើម្បីជាលេសនៃហេតុផលនៃការមិនទទួលស្គាល់ ឬប្លន់យកជោគវាសនារបស់ជាតិ ដែលបានសម្រេចដោយប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
២៖ នៅក្នុងការលើកឡើង នៃការបាត់បង់បណ្ឌិត កែម ឡី ដែលពុំបានបន្តបេសកកម្ម នៃការពិភាក្សាដេញដោលលើការដឹកនាំរដ្ឋាភិបាល។ ខ្ញុំសូមទាញអារម្មណ៍ និងឥរិយាបថរបស់លោក លោកស្រី ដែលជាប្រធាននៃអង្គការតតាំងទាំង១១នេះថា ខ្ញុំបានឃើញ និងបានលឺពីការលើកឡើងរបស់អ្នកគោរពស្រឡាញ់បណ្ឌិតនោះ ដែលថា «អស់បណ្ឌិត កែម ឡី មួយគឺមានបន្តរាប់រយពាន់នាក់» ហេតុនេះ សូមលោក លោកស្រីប្រធានអង្គការ មេត្តាគោរពនូវឆន្ទៈរបស់អ្នកស្រឡាញ់ លោកបណ្ឌិត កែម ឡីផង។ នៅក្នុងច្បាប់ គឺ CNRP នោះទេ ដែលមានកាតព្វកិច្ចតតាំងនេះ ហើយខ្ញុំមិនជឿថា លោកយកអង្គការរបស់លោកជាប្រព័ន្ធនយោបាយ ឬក្លាយជាគណបក្សនយោបាយ ដូចអ្នកមុនៗនោះឡើយ ដែលជាភាពអាម៉ាស់ ក្នុងការក្បត់នៃដំណើរការរបស់ NGOs។ រដ្ឋាភិបាលស្វាគមន៍ជានិច្ច ចំពោះការតិះទៀន ដែលមានហេតុផលពិតប្រាកដ លោកប្រធានអាចពិពណ៌នាតាមសារព័ត៌មាន ឬរបាយការណ៍ពិតផ្ទាល់របស់អង្គការលោក ឬក៏អាចតាមរយៈ FB របស់សម្តេចតេជោ ហ៊ុន សែន។
៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងជាសាធារណៈរួចហើយ មុនពេលនៃការលើកឡើងរបស់លោកប្រធាន ក្នុងភាពជាការសង្ស័យថា ឃាតកម្មនេះ គឺមានបំណង និងឥទ្ធិពលប៉ះពាល់ មុខមាត់ និងនយោបាយរបស់កម្ពុជា ជាពិសេសជាផលកេងចំណេញរបស់គណបក្សប្រឆាំង និងការប្រើប្រាស់ ករណីនេះ ជាទឡ្ហីកររបស់អង្គការទាំង១១ ក្នុងការកេងប្រវ័ញ្ច វាយតម្លៃទៅលើលទ្ធផលនៃការបោះឆ្នោត ដែលនិងប្រព្រឹត្តិទៅនាថ្ងៃខាងមុខ ដែលអង្គការរបស់លោកប្រធាន មិនដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះម្តងណាឡើយ។
៤៖ ការលើកឡើងនៃបុរេនិច្ឆ័យ ឬឥរិយាបថពិតប្រាកដ ដែលមិនទុកចិត្តស្ថាប័នរដ្ឋ ជាអចិន្ត្រៃយ៍របស់លោកប្រធាន និងនាំឲ្យសាធារណៈមតិ មិនចូលរួម ជាមួយរដ្ឋនោះ គឺជាការបំផ្លាញនូវដំណើរការរបស់រដ្ឋ ជាជាងការនាំគ្នាប្រឆាំង និងអំពើយង់ឃ្នងនេះ។ តាមផ្លូវច្បាប់ លោកប្រធានអាចចូលរួមនៃការស្វែងរក និងផ្តល់សក្ខីកម្មពិត ដល់ស្ថាប័នតុលាការ ជាជាងការបំពុលបរិយាកាស។
អាស្រ័យហេតុនេះ បើលោកប្រធានមានបំណងល្អ ក្នុងការស្តារបរិយាកាសនយោបាយឲ្យបានល្អ គួរបញ្ឈប់នូវរាល់សកម្មភាពបំពុលបរិយាកាស ដែលលោកតែងតែធ្វើហើយ គួរកុំយកសពលោកបណ្ឌិត កែម ឡី និងគ្រួសារសព ជាចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍ផ្ទាល់របស់លោក។
ខ្ញុំជឿជាក់ និងសង្ឃឹមថា ការបាត់បង់ជីវិតរបស់បណ្ឌិត កែម ឡី គឺជាឱកាសមួយ ក្នុងការរួបរួមគ្នា រឹតតែខ្លាំងខ្លា ក្នុងការប្រឆាំងនឹងរាល់អំពីឧក្រិដ្ឋ គឺមិនមានហេតុផលអ្វី ដែលយើងត្រូវបែបបាក់គ្នានោះទេ ត្បិតលោកបណ្ឌិត បានឃ្លាតឆ្ងាយពីយើងរួចស្រេចទៅហើយ៕