(កំពត)៖ បន្ទាប់ពីបានទទួលពាក្យបណ្តឹងជាច្រើនករណីពីប្រជាពលរដ្ឋ ថាពួគគាត់ជួបវិបត្តិនៅក្នុងជីវភាពរស់នៅ ដោយសារចាញ់ល្បិចរកស៊ីរបស់លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ បណ្តាលឲ្យធ្លាក់ខ្លួនជំពាក់បំណុលធានាគារ និងបំណុលពាក់ព័ន្ធផ្សេងៗទៀត។

ដូច្នេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឲ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារមកឲ្យក្រុមហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។

ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណវត្ត អង្គឈូក ឃុំឈូក ស្រុកឈូក។ ជាលទ្ធផលក្នុងការដោះស្រាយ ក្រោមការសម្របសម្រួលមាសពេលនោះ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ឯកភាពយល់ព្រមទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុន។ ប្លង់ផ្សេងៗដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉ន ត្រូវយកមកឲ្យពលរដ្ឋវិញ។ ចំពោះពលរដ្ឋដែលទិញដីបង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់នោះ គឺលោកអភិបាលខេត្តនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។

តាមប្រជាពលរដ្ឋដែលជាអតិថិជនក្នុងទំនាស់នោះ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ហើយក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លា ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សងធនាគារទាំងអស់។ ប៉ុន្តែរយៈពេលពីរទៅបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ។

ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ក្រោយពេលលោកអភិបាលខេត្តបានចុះមកដោះស្រាយឲ្យពួកគាត់ ព្រោះបំណុលក៏មិនបាច់បង់ ប្លង់ផ្ទះ ប្លង់ដី ក៏បានមកវិញផងដែរ។

ដោយឡែក មន្ត្រីជំនាញ និងក្រុមហ៊ុននៅមិនទាន់អាចប្រាប់ឲ្យដឹងអំពីចំនួនតួរលេខពិតប្រាកដ ថាតើមានប្រពលរដ្ឋសរុបប៉ុន្មានគ្រួសារ ដែលក្រុមក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជា សារ៉ន មានបញ្ហាជាមួយនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជំហ៊ានដំបូង ថាប្រមាណជាង៥ពាន់គ្រួសារឯនោះ ហើយគេក៏មិនទាន់បានដឹងអំពីចំនួនទឹកប្រាក់សរុបប៉ុន្មាននោះផងដែរ៕