(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្ស មកពីស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សិលា និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ជិត៧០០នាក់ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រីជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជាច្រើនរូបទៀត។
ប្រធានក្រុមការងារ បានថ្លែងអំណរគុណ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការលះបង់ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ក្នុងការចូលរួមកសាងសង្គមជាតិ តាមរយៈការកសាងធនធានមនុស្សពោរពេញដោយសមត្ថភាព និងការឆ្លាក់ដួងព្រលឹងជាតិឡើងវិញ ដើម្បីបន្តកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
លោក សាយ សំអាល់ បានលើកឡើងទៀតថា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែអប់រំ បង្ហាត់បង្រៀន ផ្តល់ចំណេះដឹងដល់សិស្សនោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីក្នុងគ្រាប្រទេសមានគ្រោះអាសន្ននានា។ ជាក់ស្តែង ក្នុងអំឡុងពេលការរីករាតត្បាតនៃជំងឺកូវីដ-១៩កន្លងទៅ លោកគ្រូ អ្នកគ្រូ បានលះបង់កម្លាំងកាយ ចិត្ត រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានជំរុញ និងលើកទឹកចិត្តឱ្យសាលារៀននីមួយៗ រៀបចំឱ្យមានសួនជីវៈចម្រុះ ដាំដំណាំ ដាំដើមឈើ ចិញ្ចឹមសត្វ ជាមជ្ឈមណ្ឌលកីឡា ជាពិសេសប្រែក្លាយសាលារៀនជាកន្លែងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ បន្ថែមលើការសិក្សាចំណេះទូទៅ។ លោកគ្រូ អ្នកគ្រូនឹងត្រូវបានលើកទឹកចិត្តឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញ ដោយក្រុមការងារនឹងរៀបចំឱ្យមានអ្នកជំនាញមកចូលរួមបណ្តុះបណ្តាល។
លោកបានសង្កត់ធ្ងន់ថា យើងត្រូវខិតខំរៀនសូត្រដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ក្លាយជាប្រជាជនសកល ដែលមានអរិយធម៌ខ្មែរក្នុងខ្លួន និងចូលរួមសហការជាមួយក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីកសាងអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត៕