(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញវីដេអូ នៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា GANEFO កាលពីឆ្នាំ១៩៦៦ ជាមួយនឹងការលើកឡើងថា ប្រសិនបើពុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «មើលវីដេអូមួយនេះ ធ្វើឲ្យយើងអាចកំណត់បានថា ប្រសិនពុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។ កាលពី៥៧ឆ្នាំមុន មានរូបភាពដូចក្នុងវីដេអូនេះ បើមិនមានសង្គ្រាមទេ ភាពរុងរឿងនឹងមានច្រើនលើសនោះច្រើនណាស់។ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកូនចៅ នៃព្រះរាជាណាចក្រកម្ពុជាទី២នឹងបង្កើតព្រឹត្តិការណ៍ប្រហាក់ប្រហែលជាមួយ ព្រឹត្តិការណ៍នៃព្រះរាជាណាចក្រទីមួយនាឆ្នាំ១៩៦៦»

សម្តេចតេជោ ហ៊ុន សែន ក៏បានសូមឧទ្ទិសសមិទ្ធផលដែលកូនចៅ បាននិងកំពុងធ្វើនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិជាទីគោរពសង្ការៈប្រកបដោយការនឹករលឹក និងដឹងគុណពីកូនចៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលជាព្រឹត្តិការណ៍កីឡាធំបំផុតមួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ផងដែរ៕