(បាត់ដំបង)៖ ខេត្តបាត់ដំបងបានប្រកាសបេក្ខជនពេញសិទ្ធិ និងបម្រុងក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ការប្រកាសនេះធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការទូទៅការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣។

លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអានសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តបាត់ដំបង។

បេក្ខជនពេញសិទ្ធចំនួន៨រូប រួមមាន៖

១. សម្តេចក្រឡាហោម ស ខេង
២. លោក ងិន ឃន
៣. លោក ឡោក ហ៊ួរ
៤. លោក អង្គ វង្ស វឌ្ឍនា
៥. លោក ឈាង វុន
៦. លោក កើត រិទ្ធ
៧. លោក សក់ សេដ្ឋា
៨. លោក ច័ន្ទ សុផល។

បញ្ជីបេក្ខជនបម្រុងចំនួន៨រូប រួមមាន៖
១. លោកស្រី លី គឹមលៀង
២. លោក ភួ ពុយ
៣. លោក នឹម ថូត
៤. លោក សៀង ស៊ុតថ
៥. លោកស្រី ញឹក សាគន្ធ
៦. លោក ខាន់ ម៉ាណេរ
៧. លោកស្រី កែវ ដាណា
៨. លោក ខឺយ ស៊ីនឿន

អង្គសន្និបាតបានប្តេជ្ញា និងសម្រេចចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនូវសមាជិកបក្សរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ និងកសាងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សខេត្ត គឺធ្វើយ៉ាងណាខិតខំរក្សាប្រៀបឈ្នះ និងដើម្បីបន្តពង្រីកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងហោចណាស់ដណ្តើមអាសនៈឲ្យបាន៧លើ៨អាសនៈ។

សម្តេចក្រឡាហោម ស ខេង ក៏បានផ្សព្វផ្សាយនិងដាក់ចេញនូវទិសដៅការងាររបស់គណបក្ស និងកិច្ចការមួយចំនួនដែលត្រូវអនុវត្តចំពោះមុខ និងបានផ្តល់នូវផែនការលម្អិតជាគន្លឹះក្នុងការអនុវត្តជាក់ស្តែង ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ទាំងផែនការសកម្មភាពមុនយុទ្ធនាការក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតធ្វើយ៉ាងណាសម្រេចទទួលបានជោគជ័យ៕