(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការសម្ពោធបើកដំណើរការជាផ្លូវការ «សណ្ឋាគារ សាន់ & មូន រីវើសាយ» (Sun & Moon Riverside) បានចូលរួមចំណែកលើកមុខមាត់ដល់វិស័យទេសចរណ៍ ស្របពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃខាងមុខនេះ។

ការថ្លែងដូច្នេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ស្ថិតនៅជិតស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សូមចូលរួមអបអរសាទរជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ «សណ្ឋាគារ សាន់ & មូន រីវើសាយ» ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។

«ការបើកដំណើរការសណ្ឋាគារដ៏ទំនើបជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់»។ ការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត។

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងលើពិភពលោក ដោយបានប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយខ្លួន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺជាសមិទ្ធផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យគន្លឹះជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបម្រើឱ្យការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩។ ជាមួយនឹងកំណើនដ៏លឿននេះ, វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។

លោកបណ្ឌិត បានថ្លែងទៀតថា ពិតណាស់ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេស ដោយសារការរឹតត្បិតចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវវិធានការឆ្លើយតបជាច្រើន, វិស័យទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរការបើកឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក។

ជាក់ស្តែង ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤លាននាក់ ក្នុងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណជិត ២ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុកក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ម៉ឺននាក់។

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា «ជារួមនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។ ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យនេះជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបន្តកែសម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ និងជាពិសេសការសហការជាមួយវិស័យឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា «សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធិផលដែលកើតចេញពីការវិនិយោគក្នុងស្រុកដោយផ្ទាល់ និងជាចំណែកមួយដែលជាសមិទ្ធិផលពិតៗរបស់ក្មេង ៧មករា ដែលសម្តេចបានរំដោះកាលពីជាង ៤៤ឆ្នាំមុន។ ដូច្នេះហើយ ដើម្បីជាការតបស្នងសងគុណក្នុងការរំដោះឲ្យរួចផុតជីវិត ខ្ញុំបាទក្នុងនាមក្រុមហ៊ុន គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងក្រុមគ្រួសារ សូមគោរពដឹងគុណ និងគាំទ្រសម្តេចជានិច្ចនិរន្តរ៍»