(កណ្តាល)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកឧត្តមសេនីយ៍ឯក ហែម គួយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយរងសេនាធិការចំរុះ អគ្គមេបញ្ជាការកងយោធពលខេរភូមិន្ទ ក្រសួងការពារជាតិ ដល់គេហដ្ឋាន នៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

លោក ចាយ បូរិន មានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច អនុប្រធានគណបក្ស លោក​ លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោកឧត្តមសេនីយ៍ឯក ហែម គួយ និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការលះបង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ឯក ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុជាតិមាតុភូមិ និងចូលរួមការពារ និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

លោកឧត្តមសេនីយ៍ឯក ហែម គួយ បានថ្លែងថា «គ្រួសារយើងខ្ញុំ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំ សូមគោរពថ្លែងអំណរគុណជាអនេក និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន»

លោកឧត្តមសេនីយ៍ឯក បានរៀបរាប់ពីប្រវត្តិការងារថា លោកបានចូលបម្រើកងទ័ពនៅអង្គភាពយោធា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ១៩៧៩ ហើយបានទទួលតួនាទីជាបន្តបន្ទាប់ ជាប្រធានកងអនុសេនាធំលេខ៣ វរៈ២ កងពលលេខ៣៣០ ប្រធានកងវរៈសេនាធំលេខ១៣ កងពលធំលេខ១៩៦ ប្រចាំស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយបានចូលបក្ខជនពេញសិទ្ធិនៅឆ្នាំ១៩៨៣ ទទួលបានងារជាយុទ្ធជនប្តេជ្ញាឈ្នះ និងទទួលមេដាយវរជនកងទ័ពប្រជាជនកម្ពុជា ហើយបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស បញ្ជាការរង និងជានាយសេនាធិការកងទ័ពពិសេស ការពារតំបន់ព្រះវិហារ ឧត្តមសេនីយ៍ឯក និងជានាយរងសេនាធិការចំរុះ អគ្គមេបញ្ជាការកងយោធពលខេរភូមិន្ទ ក្រសួងការពារជាតិ រហូតមកដល់បច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ពីការបន្តគាំទ្រចំពោះបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត និងបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងក្នុងនិងក្រៅប្រទេស និងបានលើកទឹកចិត្តដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ត្រូវ ៖

១-ស្គាល់អត្តសញ្ញាណរបស់ជាតិ ស្មោះត្រង់ជាមួយគណបក្ស
២-មានគុណធម៌ សច្ចធម៌ ស្មោះត្រង់ជាមួយនឹងគណបក្សនិងសម្ដេចតេជោ
៣-ត្រូវពង្រឹងសមត្ថភាព សាមគ្គីភាពឱ្យក្លាយខ្លួនជាកម្លាំងពិត របស់ប្រទេសជាតិ អប់រំគ្នាទៅវិញទៅមកឱ្យស្គាល់ ពីសមិទ្ធផលនានាដែលឥស្សរជនជំនាន់មុនបានបន្សល់ទុក ពិសេសសមិទ្ធផលរបស់សម្តេចតេជោ ។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិកបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកឧត្តមសេនីយ៍ឯក ហែម គួយ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់រក្សាលោកឧត្តមសេនីយ៍ឯក មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕