(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារខេត្តដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផល លើដីតំបន់អនុស្ថានីយអូរសោម និងរៀបចំបែងចែកអភិវឌ្ឍន៍ដី ស.ជ.ណ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភបំពាន នៅលើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីអនុស្ថានីយ៍អូរសោម សូមបញ្ឈប់ការទាមទារ និងបញ្ឈប់ការផ្តល់ព័ត៌មានមិនពិតផ្សេងៗតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រី អាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តទាំងមូល។
ការអំពាវនាវ របស់លោក ចេង ឡៃ បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យដោយផ្ទាល់ លើការដាំបង្គោលរបង ចាក់សសរប៉េតុង និងដាំដំណាំ រំលោភលើដី ស.ជ.ណ ពីសំណាក់ជនខិលខូច ដោយបានការចូលរួមពីឯកឧត្តម អេង គន្ធា អគ្គនាយរងអគ្គីសនីកម្ពុជា តំណាងឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News លោក ចេង ឡៃ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកសូមជម្រាបជូនដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយនឹងគម្រោងអនុស្ថានីយ៍អូរសោម ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងវារីអគ្គិសនីស្ទឹងអាតៃនេះ គឺមានពាក់ព័ន្ធជាមួយអនុស្ថានីយ៍អូរសោម និងពាក់ព័ន្ធជាមួយការប្រើប្រាស់ដី របស់ប្រជាពលរដ្ឋ គឺយើងមានផែនការគម្រោងដោះស្រាយផលប៉ះពាល់ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅលើដីអនុស្ថានីយ៍អូរសោម ចំនួន៩០ហិកតា។ អញ្ចឹងត្រូវបានរកទីតាំងថ្មី ដើម្បីសុំរាជរដ្ឋាភិបាល ធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋដែលមានសរុបចំនួន២៧គ្រួសារ។
លោក ចេង ឡៃ បានបន្ថែមថា ចំនួនប្រជាពលរដ្ឋ២៧គ្រួសារនេះ គឺគាត់បានចាកចេញទៅទីតាំងថ្មី ដែលយើងបានឈូសឆាយរួច និងប្រើហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងដីឡូតិ៍ ដើម្បីដោះស្រាយនោះ គឺមកដល់ពេលនេះ ឃើញថានៅសល់តែ៣គ្រួសារប៉ុណ្ណោះ ដែលគាត់មិនទាន់បានរុះរើផ្ទះសម្បែងចេញ។ ហើយថ្ងៃនេះ លោកបានមកជួបផ្ទាល់ ឃើញថាគាត់នឹងសន្យាចាកចេញពីទីតាំងដីអនុស្ថានីយ៍អូរសោម នៅចុងខែមេសា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។
ប្រធានក្រុមការងារខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ចំពោះដីដែលយើងបានដោះស្រាយ នូវផលប៉ះពាល់តាមស្មារតីនៃ ស.ជ.ណ គឺមានប្រជាពលរដ្ឋខិលខូចមួយចំនួន បានទៅទន្ទ្រានកាន់កាប់ ធ្វើការបោះបង្គោលព្រំជាហូរហែរ ហើយក្រុមការងាររបស់ខេត្ត ស្រុក និងឃុំ បានចាត់វិធានការជាបន្តបន្ទាប់។ ជាមួយគ្នានោះ ក៏នៅមានជនខិលខូច នៅតែបន្តបោះបង្គោលជាបន្តបន្ទាប់ និងលួចដាំដំណាំពេលយប់ នៅលើដីដែលកំពុងតែចែកជូនប្រជាពលរដ្ឋ ដោះស្រាយផលប៉ះពាល់។
លោក ចេង ឡៃ បានជម្រាបជូនថា កាលពីម្សិលមិញ ក្រុមការងារបានចាត់វិធានការរដ្ឋបាល ចំពោះជនដែលបានរំលោភ បោះបង្គោលព្រំ លើដីដែលបានធ្វើការឈូសឆាយរួច មានន័យថាជាក្រុមដែលបានធ្វើការតវ៉ាកន្លងមក គឺក្នុងចំណោម១៩គ្រួសារ មាន១គ្រួសារនេះ ដែលមាន២នាក់ប្តីប្រពន្ធ គឺបានធ្វើកិច្ចព្រមព្រៀងបញ្ឈប់ទៅប៉ះពាល់លើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីដីអនុស្ថានីយ៍អូរសោម ដោយសន្តិវិធី។ ជាមួយគ្នានោះប្រសិនបើមិនឈប់ រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះគ្រួសារពួកគាត់ ទៅតាមកិច្ចព្រមព្រៀងនូវកំណត់ហេតុបញ្ឈប់។
លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅលើដីអនុស្ថានីយ៍អូរសោមទាំង៣គ្រួសារ ដែលមិនទាន់បានរុះរើលំនៅដ្ឋានរួចរាល់នោះ សូមរួសរាន់រុះរើឱ្យបានលឿន ទៅតាមផែនការរបស់ក្រសួងរ៉ែ និងថាមពល ជាពិសេសគឺអគ្គិសនីកម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភបំពាន លើដីដែលដោះស្រាយផលប៉ះពាល់ នៃអនុស្ថានីយ៍អូរសោម បញ្ឈប់ការទាមទារ និងបញ្ឈប់ការផ្តល់ព័ត៌មានផ្សេងៗតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រី អាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តទាំងមូល។ យើងឃើញហើយថា ទោះបីមានការស្រាយបំភ្លឺពីរដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅមានបន្តបន្ទាប់ ព្រោះបណ្តាញសង្គមនៅតែមាន អញ្ចឹងទៅសូមបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ឲ្យបានច្បាស់ អំពីគម្រោងអនុស្ថានីយ៍អូរសោម៕