(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង, នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តរតនគិរី។

អង្គសន្និបាតនេះ មានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី, លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការបក្សខេត្តព្រមទាំងលោក លោកស្រីសមាជិកអចិន្ត្រៃយ៍បក្សខេត្ត, សមាជិកគណៈកម្មាធិការបក្សខេត្តជាច្រើនរូប។

នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងថា ក្រោមការដឹកនាំការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងមក ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខយើង សម្រេចបាននូវសមិទ្ធផល លើគ្រប់វិស័យ ក្នុងនោះសង្កត់ធ្ងន់ជាអាទិភាពគឺការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសមិទ្ធផលសង្គមជាតិឲ្យបានរឹងមាំ ស្ថិរភាពគង់វង្ស។

លោកបន្ដថា ជាពិសេសក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាប្រទេសយើងទទួលបាននូវសុខសន្តិភាពពេញលេញ យើងមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើងឡើងវិញ នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

នាយឧត្តមសេនីយ៍​ ជៀង អំ បន្តថា កន្លងមកយើងបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទទួលបានជោគជ័យរហូតមកដល់ពេលនេះ យើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ កាត់បន្ថយការឆ្លងរាតត្បាតនិងគ្រោះថ្នាក់អាយុជីវិត ប្រកបដោយសុវត្ថិភាពកត្តាទាំងនេះបានធ្វឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញបណ្តើរៗប្រកបដោយភាពធន់និងរឹងមាំ។

បន្ថែមលើនេះទៀត នាយឧត្តមសេនីយ៍ ជៀង អំ បានជំរុញឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសក្នុងសង្គមដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង គ្រឿងញៀនខុសច្បាប់ អំពើហឹង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងតាមមូលដ្ឋាន ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។

ចំពោះទិសដៅបន្តដើម្បីយកប្រៀបឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧នៅពេលខាងមុខនេះសូមឲ្យសមាជិក សមាជិកាគណបក្សប្រជាជនបន្តផ្សព្វផ្សាយ និងចាត់តាំងអនុវត្តកម្មវិធី គោលនយោបាយរបស់គណបក្សឲ្យបានទូលំ ទូលាយនិងស៊ីជម្រៅ។ បន្តកសាងនឹងពង្រឹងគណបក្សទាំងផ្នែកនយោបាយ ផ្នែកសតិអារម្មណ៍ និងផ្នែកចាត់តាំងឲ្យបានរឹងមាំ។

សូមបញ្ជាក់ថា ក្នុងអង្គសន្និបាតបានប្រកាសបេក្ខជនពេញសិទ្ធិ និងបម្រុងតំណាងរាស្ត្រអណត្តិទី៧រួមមាន៖លោក គិត ទ្រី (បេក្ខជនពេញសិទ្ធិ), លោក សយ សូណា, លោកស្រី ចក់ មើល និងលោក មួង ប៉ាង (បេក្ខជនបម្រុង) និងប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះជួយមូលដ្ឋានក្រុង ស្រុកទាំង៩ផងដែរ៕