(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជិត៤០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានរយៈពេល ៣ខែមកនេះ។

វគ្គសិក្សាអំពី «របៀបចាប់មុំសរសេរព័ត៌មានក្តៅ និង Lead ផ្សេងៗដើម្បីការទាក់ទាញ» របស់ FTC បានចាប់ផ្តើមចូលរៀនថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមវត្តមាន លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គ៤ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន៣៥នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការ អាជីវក គ្រូបង្រៀន គ្រូពេទ្យ ក៏ដូចជាសិស្សនិស្សិតផងដែរ។

បើតាមការឲ្យដឹងពីសិក្ខាកាម, ការសិក្សាលើវគ្គសរសេរព័ត៌មាននេះ មានសារៈសំខាន់ណាស់ ទោះបីមិនយកទៅប្រកបអាជីពជាអ្នកព័ត៌មាន តែធ្វើឲ្យពួកគាត់អាចយល់អំពីការងារអ្នកសារព័ត៌មាន ដឹងអំពីរបៀបក្នុងការនិយាយឆ្លើយតបឲ្យបានត្រឹមត្រូវនៅក្នុងសង្គម ដែលជាចំណុចមិនអាចខ្វះបាននៅគ្រប់ជំនាញនីមួយៗ។ ជាងនេះទៅទៀត ក្រោយទទួលបានការសិក្សាសិក្ខាកាម បានវាយតម្លៃខ្ពស់លើគុណភាពនៃការបង្រៀន ក៏ដូចការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងបរិយាកាសសិក្សារបស់សិស្ស។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជា ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានជិត ៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

ជាមួយនឹងការបិទបញ្ចប់វគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានជំនាន់ទី៤នេះ FTC ក៏គ្រោងនឹងប្រកាសអំពីការបើកវគ្គសិក្សាថ្មី ក្នុងពេលឆាប់ៗនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334