(ស្វាយរៀង)៖ លោក កែវ កាន់វីរៈ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារនាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ចូលរួមប្រគល់និងទទួលអំពូលសូឡា ចំនួន០៦គ្រឿង តាមការស្នើសុំរបស់លោកមេភូមិនិងអនុភូមិ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីដាក់បំភ្លឺផ្លូវបម្រើផលប្រយោជន៍សាធារណៈ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលឃុំ ក្នុងសកម្មភាពលើកកម្ពស់ ភូមិ ឃុំ មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
ពិធីប្រគល់និងទទួលត្រូវបានធ្វើឡើងក្នុងស្នាក់ការរដ្ឋបាលឃុំគគីរសោម ដោយមានការចូលរួមទទួលពីសំណាក់លោកប្រធានភូមិ អនុភូមិ និងមានការដឹងឮពីលោកមេឃុំនិងក្រុមការងារចុះជួយមូលដ្ឋានភូមិជាច្រើនរូបទៀត។
ក្នុងពិធីនេះដែរ លោក កែវ កាន់វីរៈ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្វាយទាប និងក្នុងនាមលោកផ្ទាល់ តាមរយ:លោកមេភូមិ និងអនុភូមិ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានអំពូលសូឡានោះឲ្យថែរក្សាឲ្យបានល្អ ព្រមទាំងជួយថែរក្សានូវរាល់សមិទ្ធិផលនានា ដែលទទួលបាននាពេលកន្លងមកឲ្យបានល្អ គង់វង់ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ត្រូវហូបស្អាត រស់នៅមានអនាម័យ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ៕