(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ឃើញ​ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងតំបន់ស្វយ័តក្វាងស៊ី របស់ចិន កំពុងមាន​កំណើនខ្ពស់​ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ។

លោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សា​ការងារ​ជាមួយលោក ឡាន ធានលី អភិបាលតំបន់ស្វយ័តក្វាងស៊ី នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភោគីត្រា។ ជំនួបនេះធ្វើឡើងក្នុងបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងខេត្តក្វាងស៊ី។

ក្នុងឱកាសនៃជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វា​គមន៍​យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ឡាន ធានលី និងគណៈប្រតិភូអមដំណើរ​ទាំងអស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ លោករដ្ឋមន្ត្រី បាន​រំ​ឭក​​អំពីខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង​ការទូតរវាង​កម្ពុជា​-ចិន និងបានជម្រាបជូនភ្ញៀវពីចំណងមិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈាន​ឡើង​មួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិប​ត្តិ​ការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញ​ការ​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីបន្តថា តាមរយៈចំណងមិត្តភាពនេះ កម្ពុជា-ចិន បានក្លាយជាដៃ​គូ​យុទ្ធ​សាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លង​មក។ កម្ពុជា បានគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (The Silk Road Economic Belt and The 21st Century Maritime Silk Road) របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ​២០១៦កន្លងមក។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការកសាងធនធានមនុស្ស ការអភិ​វឌ្ឍន៍​តំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការការ​ពារបរិ​ស្ថាន ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលតាមការរំពឹងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយជំរុញ​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនពីទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាង​ស៊ីផងដែរ។ នៅក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹក​ប្រាក់ចំនួន ១,៩៧០លានយន់ កើនឡើង ៨៨.២ភាគរយ ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១,៨៦០លានយន់ កើនឡើង ៨៨.៥ភាគរយ រីឯកម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០លានយន់ កើន​ឡើង ៨៥.៣ភាគរយ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មក​វិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ក្រុមហ៊ុ​ន​។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន៖ គ្រឿងបន្លាស់ម៉ាស៊ីន​ត្រង់​ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍​បញ្ជូន​អុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន៖ អង្ករ ដំឡូង​មីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់​ស្វូរជាដើម។ល។

ទាក់ទងការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន (China-ASEAN EXPO) លោក​រដ្ឋ​មន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំចូលរួមពិព័រណ៍ពិភព​លោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានជម្រាបជូនលោកអភិបាលខេត្តថា កម្ពុជាបានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន នៅទីក្រុង​ណាន​នីង ជាលើកដំបូងនៅឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣នេះ បានចូល​រួម​ចំនួន ២០លើករួចមកហើយ និងបានធ្វើជាប្រទេសកិត្តិយសតាមការឆ្លាស់វេនគ្នាចំនួន​ពីរ​លើក គឺនៅឆ្នាំ២០០៨ និងនៅឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង​មិត្ត​ភាព​ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាមួយប្រទេសចិន សម្តេច​តេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិធីសម្ពោធពិព័រណ៍​ចិន-​អាស៊ាន​​​ដោយផ្ទាល់ បានចំនួន ១១លើក។ ក្នុងអំឡុងពេលកូវីដ-១៩ បានចូលរួម​ថ្លែង​សុន្ទរកថាតាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធ បានចំនួន ៣​លើក សរុបបានចំនួន ១៩លើក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បាន​ត្រៀមលក្ខណៈរួចរាល់ក្នុងការកៀរគរក្រុមហ៊ុនឯកជនឱ្យបានច្រើនទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងណាននីង ហើយក្នុង អំឡុងពេលពិព័រណ៍ ក្រសួងក៏នឹងមានរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍​កម្ពុជា-ចិន ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើសុំភាគីមិត្តចិនផ្តល់ការគាំទ្រ និងជួយ​ជំរុញឱ្យពាណិជ្ជករ សមាគមអាជីវកម្មចិន នៅខេត្តក្វាងស៊ី ចូលរួមក្នុងវេទិកា​ខាង​លើ​ឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីកាលានុវត្តភាព​នៃការធ្វើជំនួញ​នៅ​កម្ពុជា។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ លោក ឡាន ធានលី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញសម្តេចតេជោ ដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី២០ និងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនដែលរៀបចំក្នុងអំឡុងពេលពិព័រណ៍នោះ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអញ្ជើញលោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈ​ប្រតិ​ភូអន្តរក្រសួងទៅចូលរួមវេទិកាសេដ្ឋកិច្ច និងវិនិយោគចិន-អាស៊ាន​នាឱកាស​នោះផងដែរ។ បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានដឹកនាំប្រតិភូពាណិជ្ជករ​ចិន មកចូលរួមវេទិកាធុរកិច្ច និងវិនិយោគ និងកម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម ជាមួយ​ពាណិជ្ជករកម្ពុជា ដែលរៀបចំនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋា​គារសូហ្វីតែលភោគីត្រារាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១៦០នាក់ និងបាននាំយកអំណោយជាសម្ភារៈមួយចំនួនគិតជាទឹកប្រាក់ប្រមាណ ១.៥ លានយន់ ជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕