(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជួរកម្មករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល បានលើកឡើងថា ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី កំពុងអនុវត្តន៍នយោបាយញុះញង់លាបពណ៌ក្នុងចេតនាទុច្ចរិតបំបែកបំបាក់ជាតិ និងឆ្ពោះធ្វើបដិវត្តន៍ពណ៌ដណ្តើមយកអំណាចដឹកនាំរដ្ឋដោយខុសច្បាប់។
លោក យូ សិរីវុឌ្ឍ បានលើកឡើងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ៧១០នាក់ មកពីតាមរោងចក្រនានា ក្នុងសួនឧស្សាហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងជំនួបនោះ លោក យូ សិរីវុឌ្ឍ បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាឥស្សរជនបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។
លោក សិរីវុឌ្ឍ បានសង្កត់ធ្ងន់ធ្ងរថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ចូលមកវិនិយោគបង្កើតរោងចក្រ និងបង្កើតបានជាការងារសម្រាប់ប្រជាពលរដ្ឋ។
និយាយដល់គុណតម្លៃសុខសន្តិភាព លោក យូ សិរីវុឌ្ឍ ក៏បានរំលឹកពីដើមចមនាំឱ្យកើតសង្គ្រាមនៅកម្ពុជាផងដែរ។ សម្រាប់លោក យូ សិរីវុឌ្ឍ ភ្លើងសង្គ្រាមនៅកម្ពុជា កាលពីអតីតកាលផ្តើមចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីអំណាចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមជនក្បត់ជាតិ និងជ្រុលនិយមមានដូចជាព្រះអង្គម្ចាស់ សិរីមតៈ លោក លន់ នល់ លោក អ៉ិន តាំ និង ចេង ហេង ជាដើម។
លោក យូ សិរីវុឌ្ឍ បានបន្តថា នៅពេលនេះក្រុមជនក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី កំពុងបន្តអនុវត្តន៍នយោបាយជ្រុលនិយមនេះទៀតហើយ ដើម្បីដណ្តើមអំណាចគ្រប់គ្រងរដ្ឋ។
បើតាមលោក យូ សិរីវុឌ្ឍ បានអះអាងថា ក្រុមជនក្បត់ជាតិនេះ គេដឹងច្បាស់ថា មិនអាចយកឈ្នះសម្តេចតេជោ ហ៊ុន សែន តាមផ្លូវនយោបាយបាននោះទេ។ អាស្រ័យហេតុនេះហើយ ពួកគេព្យាយាមប្រើនយោបាយបង្កាច់បង្ខូច បង្កើតព័ត៌មានមិនពិត លាបពណ៌ ញុះញង់គ្រប់បែបយ៉ាង បំណងបំផុសចលនាខុសច្បាប់ឆ្ពោះទៅការដណ្តើមអំណាច។
ក្នុងន័យនេះលោក យូ សិរីវុឌ្ឍ អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ ពិចារណាឱ្យបានច្បាស់ មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិឈានឆ្ពោះទៅធ្វើសកម្មភាពខុសច្បាប់ណាមួយនោះឡើយ។
លោក យូ សិរីវុឌ្ឍ ក៏បានអំពាវនាវកម្មករ កម្មការិនីរួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីមានការងារធ្វើ និងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត៕