(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដូចខាងក្រោម៖
១៖ ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
២៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំចាត់តាំងពិធីជួបជុំសំណេះសំណាលអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមមូលដ្ឋានរៀងៗខ្លួន និងសហការជាមួយសហគ្រាស
គ្រឹះស្ថានអង្គការសហជីព ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៣៖ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋានដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖
* ជយោ! ព្រះរាជាណាចក្រកម្ពុជា
* អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
* សន្តិភាព ស្ថិរភាព មុខរបរ និងការងារ
* គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្ដីពីសហជីព ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក
* អនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីសុខុមាលភាពកម្មករនិយោជិត និងប្រជាពលរដ្ឋ
* អភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង
* ប្តេជ្ញាបន្តអនុវត្តអនុសាសន៍គន្លឹះ ១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្តី
* ចូលរួមអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីអនាគត។
៤៖ គ្រប់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវតាមដាន និងបូកសរុបរបាយការណ៍លទ្ធផលនៃការរៀបចំពិធីនេះ ជូនរដ្ឋបាលរាជធានី ខេត្ត និងក្រសួង៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖