(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានស្នើសុំជួបគណបក្សកាន់អំណាច នៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ក្នុងបំណងជជែក កុំឲ្យមានការលាបពណ៌ទៅវិញទៅមក ជុំវិញឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។
ជាការកត់សម្គាល់នៅក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី ភ្លាមៗ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេសនោះ បានធ្វើការចោទប្រកាន់ភ្លាមៗថា ឃាតកម្មនេះ គឺជាអំពើភេរវកម្មធ្វើឡើងដោយរដ្ឋអំណាច។ មួយថ្ងៃបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកអ្នកធ្វើឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺជាអ្នកដែលចង់ផ្ចាញ់ផ្ចាលជាមួយនិងសម្តេច ដែលតែងតែលើកឡើងពី សុខសន្តិភាពនៅក្នុង ប្រទេសកម្ពុជា។
បន្ទាប់ពីការលើកឡើងរបស់ប្រមុខគណបក្សនយោបាយធំៗទាំងពីរ នៅក្នុងប្រទេសកម្ពុជា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏បានព្យាយាមបង្ហាញសារនយោបាយនានា បង្ហាញការសង្ស័យ និងចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ។
នៅសារនយោបាយផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការ នាយកគណបក្សសង្រ្គោះជាតិ បានចាត់ទុកការធ្វើឃាតកម្មលើលោក កែម ឡី គឺជាស្ថានការណ៍មួយដ៏ធ្ងន់ធ្ងរ ដែលតម្រូវឲ្យគណបក្សនយោបាយទាំងពីរ ជួបជជែកគ្នា ដើម្បីបញ្ឈប់ការលាបពណ៌គ្នា។
លោក អេង ឆៃអ៊ាង បានថ្លែងដូច្នេះ «គណបក្សសង្រ្គោះជាតិសុំអំពាវនាវ ដោយទទូចទៅគណបក្សកាន់អំណាច ដើម្បីឲ្យមានការជួបជជែកគ្នា ព្រោះឥឡូវនេះ ស្ថានការណ៍ នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ជាស្ថានការណ៍ធ្ងន់ធ្ងរណាស់។ ដូច្នេះយើងមិនចង់ឲ្យមានការបាច់ទឹកដាក់គ្នា មិនចង់ឲ្យមានការ ចោទប្រកាន់គ្នា យើងចង់ឲ្យមានការរកស៊ើបអង្កេតដោយមានការឯករាជ្យមួយ ដោយយើងចង់ជួបជជែកគ្នារវាងគណបក្សធំទាំងពីរ។ ព្រោះឥឡូវនេះយើងកត់ សម្គាល់ឃើញថា មានការប្រឌិតព័ត៌មានច្រើនមែនទែន ជុំវិញរឿងឃាតកម្មនេះ»។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាលតិច នៅជាប់ស្តុបបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា កន្លងទៅនេះ។ បច្ចុប្បន្នសពរបស់លោក កែម ឡី តម្កល់ធ្វើបុណ្យ និងឲ្យប្រជាពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធ នៅក្នុងវត្តចាស់ ស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា៕