(ភ្នំពេញ)៖ ក្រុមយុវជនដែលធ្លាប់តែគាំទ្រសកម្មភាពរបស់បក្សប្រឆាំងនោះ បានចេញ​មុខ​អំពាវនាវប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យឈប់ជឿតាមកលនយោបាយ​របស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី នាំគ្រោះថ្នាក់ដល់ខ្លួន និងជាតិទាំងមូល។

លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ និងលោក ធូវី សុវណ្ណារ៉ា អនុ​ប្រធាន​បណ្តាញ​យុវជនខ្មែរមហានគរ និងជាក្មួយបង្កើតរបស់លោក កែម ឡី គឺជាយុវ​ជន ដែលធ្លាប់តែធ្វើសកម្មភាពគាំទ្របក្សប្រឆាំង ជាពិសេសអតីតគណបក្សសង្គ្រោះ​ជាតិ។

នៅពេលនេះពួកគេបានផ្លាស់ប្តូរទស្សនៈពីការគាំទ្របក្សប្រឆាំង មកគាំទ្ររាជ​រដ្ឋា​ភិ​បាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាវិញ។ ជាមួយនឹងការផ្លាស់ប្តូរ​ទស្ស​នៈ​​មកគាំទ្ររាជរដ្ឋាភិបាល​ ពួកគេបានធ្វើវីដេអូរួមគ្នា ដោយលើកបង្ហាញពីមូលហេតុ ដែលនាំឱ្យពួកគេគាំទ្របក្សប្រឆាំងនាពេលកន្លងមក។

លោក ម៉ៅ ស៊ីថា បានអះអាងថា ការដែលពួកគេគាំទ្របក្សប្រឆាំងនាពេលកន្លងទៅ ដោយសារចាញ់កលនយោបាយ និងមនោគមវិជ្ជារបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី។

លោក ម៉ៅ ស៊ីថា ក៏បានលើកពីមូលហេតុនាំឱ្យពួកគេប្តូរមកគាំទ្ររាជរដ្ឋាភិបាលផងដែរ។ បើតាមលោក ម៉ៅ ស៊ីថា ការណ៍ដែលពួកគមកគាំទ្ររាជរដ្ឋាភិបាល ដោយសារតែពួកគេមើលឃើញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះអាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ទន្ទឹមគ្នានេះ ក្រុមយុវជនដែលធ្លាប់គាំទ្របក្សប្រឆាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឈប់ចាញ់កលនយោបាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ដែលអាចនាំឱ្យជាតិជួបវិនាសកម្ម៕