(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំរបស់កម្ពុជា ធ្លាប់ធ្វើបានល្អ ឥតខ្ចោះតាមរយៈបំបាក់ក្រុម យុវជនថ្នាលអាយុក្រោម ១៦ឆ្នាំប្រ៊ុយណេ (U-16) ជាមួយនឹងលទ្ធផលបំបាក់ ៨-០ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ក្នុងពានរង្វាន់ AFF U-16 Championship នេះដូចគ្នា មុនប៉ះគ្នាជាថ្មីម្តងទៀត រាត្រីនេះនៅស្តាតអូឡាំពិក កម្ពុជា។
ទម្រង់លេងរបស់ទំពាំងស្នងប្ញស្សី U-16 គោព្រៃកម្ពុជា ដែលជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគតនោះ បានបញ្ចេញសមត្ថភាពលេង ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយពេលបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម និងថៃ ជាមួយនឹងការប្រកួតមិត្តភាព ជាមួយក្រុមខ្លាំងដទៃរួចមក មុនត្រឡប់មកធ្វើម្ចាស់ផ្ទះនៃពាន AFF U-16 Championship ២ឆ្នាំជាប់ៗគ្នា ឆ្នាំ២០១៥ និងឆ្នាំ២០១៦។
កម្ពុជា បានកំពុងតែឈរនៅលេខ២ ប្រចាំពូល B បណ្តោះអាសន្ន ក្រោយរកបាន៣ពិន្ទុ ពី១ប្រកួតដំបូងកាលពីរាត្រីថ្ងៃ ចន្ទ បន្ទាប់ពីបានយកឈ្នះគូប្រជែង U-16 របស់ឡាវ ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពីក ក្រោយពេលដែលទីម័រខាង កើត បានបំបាក់ប្រ៊ុយណេ ៣-០ ដាច់ ឈរនៅកំពូលតារាងក្នុងពូល B ដោយមាន៥ប្រទេស ទីម័រខាងកើត ប្រ៊ុយណេ ឡាវ ម្ចាស់ផ្ទះកម្ពុជា និងក្រុមការពារតំណែងជើងឯក U-16 ថៃ។
លោក Inous Kazunori គ្រូបង្វឹក U-16 កម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយឈ្នះក្រុមឡាវថ្ងៃមុនថា ការប៉ះ U-16 ប្រ៊ុយណេល្ងាចនេះ លោកមិនហ៊ានរំពឹងបានលទ្ធផលបែបណានោះទេ គ្រាន់តែដឹងថា ក្រុមយុវជនប្រ៊ុយណេ ក៏ជាក្រុមល្អដែរ។ លោកបន្ថែមថា «ថ្វីត្បិតប្រ៊ុយណេ ចាញ់ក្រុមយុវជនទីម័រខាងកើត ប៉ុន្ដែខ្ញុំមិនរំពឹងថា កម្ពុជាអាចឈ្នះ ឬអត់នោះទេ។ ជាក់ស្ដែងកម្ពុជា បានយកឈ្នះឡាវ ប៉ុន្ដែជួបលើកក្រោយក៏មិនប្រាកដថា ឈ្នះឡាវទៀតដែរ»។
នៅល្ងាចនេះដែរ ក៏មាន១ប្រកួតទៀតក្នុងពូល B ដូចគ្នា គឹជាជំនួបរវាងក្រុម U-16 ទីម័រខាងកើត និងក្រុមការពារតំណែងជើងឯកថៃ។ នេះជាការប្រកួតទី២ របស់ក្រុមទីម័រខាងកើត ប៉ុន្ដែជាលើកដំបូងរបស់ក្រុម U-16 ថៃ ដែលជាការប្រកួតដ៏ជក់ចិត្តមួយទៀត ដោយក្រុម U-16 ទីម័រខាងកើត ត្រូវការពិន្ទុបន្ថែម ដើម្បីការពារតំណែងកំពូលតារាង ខណៈក្រុម U-16 ថៃ ត្រូវការ៣ពិន្ទុលើកដំបូង៕
U-16 របស់កម្ពុជា
U-16 របស់ប្រ៊ុយណេ