(អវកាស)៖ រូបភាពដែលយាន Juno ថតបានជាលក្ខណៈពណ៌ធម្មជាតិមួយសន្លឹក ទើបត្រូវបានបញ្ជូនមកដល់ផែនដី ដែលយើងអាចមើលឃើញភពព្រហស្បតិ៍ ដូចជាចំណិតព្រះខែ និងចំណុចសៗបីទៀតនោះ គឺ ព្រះច័ន្ទធំៗរបស់វាមាន ដូចជា អាយអូ (Io), យូរ៉ូប៉ា (Europa), និង ហ្គេនីមីដ (Ganymede) ហើយរូបភាពជាប្រវត្តិសាស្ត្រនេះត្រូវបានថត ក្នុងរយៈចម្ងាយ ៤,៣លានគីឡូម៉ែត្រពីភពព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយពីវែបសាយអវកាស នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។
រូបភាពខាងលើនេះដែរ ត្រូវបានបញ្ជូនមកដល់ផែនដីកាលពីថ្ងៃទី១០ ខែកក្កដា ក្រោយរយៈពេលជាងមួយសប្តាហ៍ នៃការហោះចូលក្នុង គន្លងដ៏ជោគជ័យពីលើភពព្រហស្បតិ៍។ វាបានបង្ហាញពីភាពខ្លាំងរបស់យានដែលអាចទប់ទល់ នឹងរលកវិទ្យុសកម្មដ៏ខ្លាំងក្លារបស់ភពព្រហស្បតិ៍ ហើយអាចថតបានរូបភាពរបស់វាថែមទៀត។ សម្រាប់គោលដៅ មួយនេះទៀត កាមេរ៉ានៃយាន Juno នឹងថតរូបភាពនៃតំបន់ប៉ូលរបស់ភពព្រហស្បតិ៍ជាលើកដំបូងផងដែរ ដែលនឹងធ្វើ ឲ្យគ្រប់គ្នារំភើបចំពោះរូបភាពពិតៗ និងលម្អិតជាងមុន។
បច្ចុប្បន្នយាន Juno ត្រូវបានបញ្ជាឲ្យចេញឆ្ងាយពីភពព្រហស្បតិ៍បន្តិចហើយ ដើម្បីបន្តដំណើរគោចរនៅទីនោះ រយៈពេល ៥៣ថ្ងៃរបស់ផែនដីជាបន្តទៀត។ សម្រាប់រូបភាពគុណភាពខ្ពស់ នឹងត្រូវធ្វើការថតជាផ្លូវការតែម្តងនៅថ្ងៃទី ២៧ ខែសីហា ខាងមុខនេះនៅពេល Juno ធ្វើដំណើរកៀកភពព្រហស្បតិ៍ម្តងទៀត។ ដំណើរនៅជុំវិញភពព្រហស្បតិ៍ នោះគឺមានភាពស្មុគស្មាញបន្តិច ដោយសារតែវាមានបេសកកម្មច្រើនមុខ ដែលត្រូបំពេញនៅទីនោះ ហើយសម្រាប់ការ ថតរូបក៏ជារឿងសំខាន់មួយដែរ ចំពោះអ្នកវិទ្យាសាស្ត្រធ្វើការវិភាគពីវត្ថុធាតុដែលមាននៅផ្ទៃខាងលើ នៃភពព្រហស្បតិ៍បាន៕