(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៥៦នាក់ ដើម្បីចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ បងប្អូនរបស់យោធិនជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំនូវការសួរសុខទុក្ខ និងជូនពររបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីទាំងអស់ សូមឲ្យទទួលបានជោគជ័យគ្រប់គ្នា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ នៅពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រ គ្រប់មុខវិជ្ជាឲ្យបានល្អប្រសើរ ជំនះឲ្យបានគ្រប់ឧបសគ្គ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត។

ដោយឡែក លោកស្រី កែវ សុខពិសី បានថ្លែងថា ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដែលបានរៀបចំការប្រឡងជ្រើសរើស យោធិនកងរាជអាវុធហត្ថ ប្រកបដោយតម្លាភាព និងយុត្តិធម៌ នាពេលកន្លងមកនេះ។

ទន្ទឹមនេះ លោកស្រី ក៏សូមថ្លែងអំណរគុណចំពោះ មាតា បិតា អាណាព្យាបាល ដែលបានអនុញ្ញាតឲ្យកូនៗ ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រោយពីសំណេះសំណាលរួច លោកស្រីអភិបាលរង ក៏បាននាំយកថវិការបស់ រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០០,០០០រៀល និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបាន មី១កេស, ភេសជ្ជៈ ទឹកសុទ្ធ ៣កេស ផងដែរ៕