(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជាសមាជិក កំពុងរៀបចំគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០៣០ ដែលនឹងក្លាយជាជំហានទី២នៃគោលនយោបាយនេះ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួចមកហើយនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ (ជំហានទី១) ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការណ៍នេះត្រូវបានឱ្យដឹងក្នុងជំនួបទទួលជួបសម្តែងការគួរសម ផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាជំនួបនោះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។

លោកអនុរដ្ឋលេខាធិការបានបន្តថា ឈរលើមូលដ្ឋាននៃស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកក៏បានឱ្យដឹងដែរថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមសហការយ៉ាងពេញទំហឹងក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមក ទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពអនុវត្ត។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានវាយតម្លៃថា ប្រព័ន្ធគាំពារសង្គមនេះគឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល និងបានស្នើឱ្យក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០ គិតគូរធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមមានភាពឆ្លើយឆ្លងគ្នា តាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីគាំពារប្រជាពលរដ្ឋតាមវដ្តជីវិត ចាប់តាំងពីចាប់កំណើតរហូតដល់មរណភាព។

លោករដ្ឋមន្រ្តីក៏បានបង្ហាញការគាំទ្រ ​និងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានា ដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គមដែលក្រសួងការងារ និងបណ្តុះបណ្តាលកំពុងអនុវត្ត។

ក្រៅពីផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗហើយ លោក អ៉ិត សំហេង ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលកន្លងមកបានចូលរួមជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ រក្សាភាពធន់របស់ប្រជាពលរដ្ឋកាន់រឹងមាំ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាក់ស្តែង ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជាសមាជិក បានសម្របសម្រួលធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមកាន់តែប្រសើរ និងឈានរហូតទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកាន់តែមានជីវភាពកាន់តែប្រសើរ និងមានភាពធន់ចំពោះហានិភ័យផ្នែកសេដ្ឋកិច្ចនានា ដែលកម្ពុជា ក៏ដូចពិភពលោកតែងតែជួបប្រទេះ៕