(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥(ដប់ប្រាំ)ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ គ.ជ.ប បានបញ្ជាក់ថា លោក នុត សុខុម អនុប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការប្តឹងតវ៉ និងការដោះស្រាយពាក្យបណ្តឹង។

លោកបានអះអាងថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

លោកបានបន្ដថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

លោក នុត សុខុម បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈោ្មះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះអំពីភាពមានសិទ្ធិឈរឈោ្មះជា
បេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន។ ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ៕