(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ចំណុចស៊ូន៣ចំការដូងប្រេង ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ចាក់ប្លន់ម៉ូតូ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យម្នាក់ពុំស្គាល់អត្តសញ្ញាណ បានប្រើកាំបិតចាក់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ និងទូរស័ព្ទដៃមួយគ្រឿង។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើ បានរត់គេចខ្លួនបាត់តែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រើប្រាស់ជំនាញដេញប្រផាប់ចាប់ប្រភិញ ដោយសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០២នាក់ ព្រមទាំងដកហូតបានវត្ថុតាងបានមកវិញ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ប៊ូ អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បណ្ដាលរងរបួសចំក(របួសធ្ងន់)។ ជនសង្ស័យទាំង២នាក់ រួមមាន ឈ្មោះ វី ជីវ័ន្ត ហៅអាវ័ន្ត អាយុ១៧ឆ្នាំ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងឈ្មោះ ចូវ ស្រីម៉ិច ហៅស្រីណុច (ខ្ទើយស្រីធ្វើប្រុស) អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ពុំចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ។

តាមចម្លើយសារភាពបឋម របស់ជនសង្ស័យថា ខ្លួនបានប្រព្រឹត្តអំពើហិង្សា (យកផ្លែឡាមអារកប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ) ពិតប្រាកដមែន។

វត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1G-0801 (ជារបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្លន់យកនៅថ្ងៃកើតហេតុ) និងកូនកាបូបមួយពណ៍ខៀវខ្ចី ក្នុងនោះមាន ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស)។

បច្ចុប្បន្នកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីជំនាញ៕