(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមរៀបចំទទួលព្រះអគ្គិជ័យកីឡានៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល និងការរក្សាទុកព្រះអគ្គិជ័យកីឡានៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ខេត្តនឹងរៀបចំពិធីទទួលស្វាគមន៍អបអរសាទរព្រះអគ្គិជ័យកីឡា ដែលនឹងដង្ហែចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមគោរពនិមន្ត និងអញ្ជើញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង ចូលរួមក្នុងថ្ងៃពិធីទទួលស្វាគមន៍អបអរសាទរព្រះអគ្គិជ័យកីឡា ឲ្យបានច្រើនកុះករ ដើម្បីជាការទទួលស្វាគមន៍យ៉ាងកក់ក្តនូវ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល៦៤ឆ្នាំ មកហើយ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖