Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកសភាគណបក្សសង្រ្គោះជាតិ ស្នើឲ្យមានអ្នកឯកទេស និងឯករាជ្យ ចូលរួមស៊ើបអង្កេតលើឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី

13-07-2016 11:42

(ភ្នំពេញ)៖ សមាជិកសភាគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឲ្យមានអ្នកឯកទេស មានជំនាញ ត្រឹមត្រូវ និងឯករាជ្យចូលរួមស៊ើបអង្កេតទៅលើការបាញ់សម្លាប់បណ្ឌិត កែម ឡី ដែលគេស្គាល់ថា ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយល្បីល្បាញម្នាក់នៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ក៏បានស្នើឲ្យអង្គការ អន្តរជាតិ រួមមានអង្គការ សហប្រជាជាតិជាដើមនោះ ចូលរួមស៊ើបអង្កេតការពិតនូវអំពើឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី ផងដែរ ដើម្បីធានាកុំឲ្យការធ្វើឃាត មនុស្សមានលក្ខណៈនយោបាយបានរួចខ្លួន និងដើម្បីបញ្ចប់នូវអំពើដ៏សែនព្រៃផ្សៃ និងថោកទាប។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា នៅស្តារម៉ាតនៅស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីការបាញ់សម្លាប់ជនសង្ស័យដែលប្រាប់ សមត្ថកិច្ចថា មានឈ្មោះ «ជួប សម្លាប់» ក៏ត្រូវបានប្រជាពលរដ្ឋ សហកាជាមួយសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីងបានភ្លាមៗ នៅតាមបណ្តោយវិថីព្រះសុធារស ជិតវត្តស្វាយពពែ។

មកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ជនសង្ស័យត្រូវបានតំណាងអយ្យការតុលាការចោទប្រកាន់ជនល្មើសពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២០០ និង​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​។ តំណាងអយ្យការ ក៏បានចោទប្រកាន់លើ បុគ្គល ដែលបានលក់អាវុធឲ្យជនល្មើសពីបទ លក់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

តាមរយៈការសាកសួរ និងស៊ើបអង្កេតអស់ជាច្រើនថ្ងៃមកនេះ ទាំងខាងតំណាងអយ្យការ និងខាងសមត្ថកិច្ច បានព្រលយឲ្យដឹងថា មានតម្រុយជាច្រើនពាក់ព័ន្ធលើឃាតកម្មនេះ ដែលជាអំណោយផលល្អមួយសម្រាប់ការស៊ើបអង្កេត និងស្រាវជ្រាវបន្ត៕