(សៀមរាប)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ជាតំណាងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៥គ្រួសារ មកពី៣ឃុំ ស្មើ៧ភូមិ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងនាមតំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ចៅ ម៉ៅមុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ លោកក៏បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះធម្មជាតិ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏មិនទុកឲ្យបងប្អូនរងគ្រោះណាម្នាក់ ហើយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺកាកបាទក្រហមនៅគ្រប់ទីកន្លែង ជាមួយបងប្អូនគ្រប់វិនាទី មិនទុកឲ្យរងទុក្ខវេទនានោះឡើយ។

លោកបានបន្តថា អំណោយទាំងនេះមិនច្រើនទេ ប៉ុន្តែអាចជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេលផងដែរ។ លោកក៌បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តការដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវវស្សានឹងចូលមកដល់នេះ គឺត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុត ព្រមទាំងត្រៀមនូវឧបករណ៍កសិកម្មធ្វើស្រែចំការឲ្យបានទាន់រដូវ និងពេលចូលព្រៃធ្វើស្រែចំការប្រទះឃើញយុទ្ធភណ្ឌ័មិនផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផងដែរ។ លោកក៏បានក្រើនរំលឹងបងប្អូនដែលមានអត្តសញ្ញាណបណ្ណ័ហួសការបរិច្ឆេត នៅតាមប៉ុស្តិនគរបាលរដ្ឋបាលក្នុងឃុំរបស់ខ្លួន និងត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ។

លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋបានរងគ្រោះ ដោយគ្រោះធម្មជាតិទូទាំងខេត្តសៀមរាប មានចំនួនសរុប ៥៤៨គ្រួសារ ហើយក៏ត្រូវបានសាខានាំយកអំណោយផ្តល់ជូនជាបន្តបន្ទាប់ផងដែរ។

តាមរបាយការណ៍របស់លោក អៀង ពិសិដ្ឋ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ បានឲ្យដឹងថា ក្នុងឱកាសដែលប្រជាពលរដ្ឋទទួលសាទរបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀង ផ្គររន្ទះ បក់បោកមកប៉ះពាល់លើភូមិចំនួន ៧ ក្នុងឃុំទាំង៣ របស់ស្រុកស្វាយលើ មានឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើ បានបណ្តាលឲ្យ(រលំផ្ទះ៥ខ្នង និងរបើកដំបូល ៣០ខ្នង) និងមានអ្នករងរបួសម្នាក់ផងដែរ។

អំណោយដែលចែកជូនរួមមាន៖ គ្រួសារដែលរលំផ្ទះ ក្នុង១គ្រួសារ បានទទួលអំណោយជាអង្ករ៣០គ.ក្រ មី ត្រីខ អំបិល ស្ករស ប៊ីចេង ទឹកត្រី កន្ទេល ,ឃីត១កញ្ចប់ និងស័ង្កសី១៦សន្លឹក ព្រមទាំងថវិកាចំនួន១៥ម៉ឺនរៀល។ ចំពោះគ្រួសារដែលរបើកដំបូល/ជញ្ជាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គ.ក្រ មី ត្រីខ អំបិល ស្ករស ប៊ីចេង ទឹកត្រី កន្ទេល ឃីត១កញ្ចប់ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល។ ចំពោះអ្នករងរបួស ទទួលបានអង្ករ៣០គ.ក្រ មី ត្រីខ អំបិល ស្ករស ប៊ីចេង ទឹកត្រី កន្ទេល ឃីត១កញ្ចប់ និងថវិកា២០ម៉ឺនរៀលផងដែរ។ ក្នុងនោះដែរ លោក ចៅ ម៉ៅមុន្នី និងអាជ្ញាធរឃុំទាំង៣ ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាបន្ថែមដល់បងប្អូនរងគ្រោះ និងអ្នករងរបួសផងដែរ៕