(ភ្នំពេញ)៖ ក្រៅពីចោទប្រកាន់លើជនដៃដល់ ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ចំនួន២ករណី តំណាងអយ្យការ ក៏បានចោទប្រកាន់ផងដែរ ទៅកាន់អ្នកលក់អាវុធឱ្យ ជននេះពីបទ «លក់អាវុធដោយគ្មានច្បាប់អនុញ្ញាត» តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ នេះបើតាម លោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដែលទទួលចាត់ការសំណុំរឿងខាងលើ។
ការចោទសួរនៅតំណាក់កាលអយ្យការ បានបញ្ចប់ហើយ គិតត្រឹមម៉ោង១០៖២០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនសំណុំរឿងនេះបន្ត ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីរបស់តុលាការ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងអយ្យការបានសួរនាំលើជនដៃដល់ ក្នុងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដែលអះអាងថារូបគេមានឈ្មោះ ជួប សម្លាប់ ជាលើកទី៣។ អយ្យការបានចោទប្រកាន់ជននេះ ២បទល្មើស រួមមានបទ ឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕