(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា ដែលជាដែ​នដីដ៏ពិសិដ្ឋ និងមានអរិយធម៌ដ៏ផូផង់ បានឆ្លងកាត់នូវសោកនាថកម្មសង្គ្រាម និងការបែកបាក់ ជាបន្តបន្ទាប់ ទម្រាំស្គាល់នូវសន្តិភាពពេញលេញ មិនដែលមានក្នុងប្រវត្តិសាស្ត្ររយៈពេល៥០០ឆ្នាំ។

សង្គ្រាមឆាបឆេះនាអតីតកាល អង្គប្រាង្គប្រាសាទនៅតែរក្សាស្នាមញញឹមបែបសមាធិសន្សំបុណ្យកុសល បំពេរអន្ទងអារម្មណ៍ដល់កូនខ្មែរគ្រប់រូបមកទទួលយកសន្តិភាព បានសម្រេចដូចបំណងតាមបែបមន្តស្នេហ៍រូបមន្តសាមញ្ញបំផុតគឺខ្មែរធ្វើបាន។ ចំណែកប្រភពទឹកទីបេនៃចរន្តវែងអន្លាយរបស់ទន្លេមេគង្គ ក៏ជាប្រភពធម្មជាតិនៃបរិស្ថានស្អាតស្អំ ជួយបដិបន្សំបង្កើតជីវិតមច្ឆាដែលមានប្រូតេអ៉ីនខ្ពស់ និងផ្តល់កំណើតធនធាននៃយុវជនខ្មែរជំនាន់ក្រោយៗមានទេព្យកោសល្យបែបអច្ឆរិយៈបំផុតនាសម័យឌីជេថលនេះ ទទួលបានអភិវឌ្ឍជំនាញខួរក្បាលសប្បនិមិត្ត (AI) យ៉ាងកើនប្រសើរ។ អស្ចារ្យបំផុតថែមទៀតនោះ គង្គាមេគង្គបានសណ្តំអប់រំចិត្តដល់ខ្មែរគ្រប់រូបដែលអាស្រ័យផលធាទឹកមិនច្រណែនក្នុងចិត្ត ដោយគិតថា អ្នករស់នៅតំបន់មេគង្គក្រោមប្រើទឹកសល់ដែលក្រោយអ្នករស់នៅតំបន់មេគង្គលើនោះក៏គ្មានដែរ។ អ្វីៗទាំងអស់ដែលកូនខ្មែរទទួលបានផ្លែផ្កា និងអាស្រ័យផលនាពេលបច្ចុប្បន្ន គឺជាបារមីអរូបីនៃបុព្វបុរសខ្មែរតាមថែរក្សាបីតាស្ថាបនិកសន្តិភាពជាតិខ្មែរពិតប្រាកដមែន។

ការកសាងធនធានយុវជន ដែលមានសារជាតិគំនិតឃោរឃៅថែមទាំងត្រូវបណ្តាសារពីបុព្វបុរសដូនតា ដោយសារតែមិនស្តាប់ការដំបូន្មានល្អៗពីព្រឹទ្ធាចារ្យនានា និងបានប្រមាថធ្វើបាបដល់អង្គព្រះមហាក្សត្រ ក្នុងប្រវត្តិអតីតកាលដែលឈានដល់បង្កើតរបបវាលពិឃាតលើជាតិសាសន៍ខ្លួនឯង។ ពិតជារឿងគួរឲ្យសោកសៅរបស់វាសនាប្រទេសជាតិ ដោយសារតែខ្វះការតាមដានការផ្តើមខុសជាមួយកំទេចភ្លើងដ៏តូចគ្មានអ្នកពន្លត់ទាន់ពេល របស់យុវជនទាំងនោះឈោងចាប់យកមនោគមន៍វិជ្ជាខុសពីការពិតនៃជីវិតធម្មជាតិរបស់មនុស្សលោក ដោយងងឹតងងល់មករៀបចំដឹកនាំប្រទេសឲ្យវិនាសសាបសូន្យស្ទើរតែស្រោចស្រង់មិនរួច ដោយចំណាយពេលស្ទើរ១ជីវិត នៃក្រុមយុទ្ធជនវីរកុលបុត្រស្នេហាជាតិខ្មែរ ក្នុងការងារដឹកនាំដោយស្នាដៃបំណិនជីវិតតស៊ូនៃកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៍មី ប្រើធនធានចុងក្រោយនៃកេរ្តទឹកដោះម្តាយថ្លៃ គឺយកក្បាលធ្វើជាដើមទុនតែម្តងដើម្បីរំដោះជាតិពីរបបវាលពិឃាតប៉ុលពត បញ្ចប់សង្គ្រាមចាប់យកសន្តិភាព ដែលប្រៀបបានជាអ្នកមានគុណធ្ងន់ដូចធរណី ជាមួយនឹងការចងចាំមិនភ្លេចរបស់ប្រជាជនកម្ពុជាភាគច្រើនបំផុតគោរពស្រលាញ់គាំទ្រជារៀងរហូត ដោយចាត់ទុកថា ជាអ្នកបានផ្តល់កំណើតទី២ ដល់ខ្មែរគ្រប់រូបទៀតផង ដោយលោកតែងតែចេញមុខពន្លត់រាល់កម្ទេចភ្លើងជ្រុលនិយមបន្ទាន់ ដើម្បីភាពសុខសាន្តសង្គម។

ការរង់ចាំអស់រយៈពេល៦៤ឆ្នាំ ដើម្បីទទួលបានព្រះអគ្គីជ័យកីឡាស៉ីហ្គេម និងប៉ារាហ្គេម នៅលើទឹកដីអង្គរនៃយើង ពិតជាភស្តុតាងបញ្ជាក់អំពីតម្លៃសន្តិភាពពិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវតែរក្សាការពារឲ្យបានរាប់រយពាន់ឆ្នាំទៅមុខទៀត គឺជាកាត្តពកិច្ចរបស់កូនខ្មែរដែលត្រូវបំពេញដោយប្រយ័ត្នប្រយែងគ្រប់នាទី។ ពហុបំណិនជីវិត អំណាចអរូបីបារមី ការសិក្សារអប់រំ សមត្ថភាពពិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីលោកខាងលិច ភ្ជាប់ជំនាញការពារជាតិ ជាធនធានអនាគតនៃអ្នកដឹកនាំ ពិតជាត្រូវការបំផុតជាមួយនឹងភាពលេចធ្លោខ្ពស់ត្រដែតនៃទេពនិស្ស័យដែលជាថាមពលសុក្តានុពលរបស់យុវជនកុលបុត្រឆ្នើមម្នាក់នោះ បាននិងកំពុងស្ថិតលើក្តីសង្ឃឹមក្នុងបេះដូងខ្មែរគ្រប់រូបទៅហើយព្រោះធនធានកាយវិកាពីធម្មជាតិផ្នែកទន់របស់គាត់តែម្តង។

ជំនឿអរូបី វាបានកប់ជ្រៅលើមនុស្សគ្រប់រូប គ្រប់វប្បធម៌ជាតិសាសន៍លើភិភពលោក តាមសិទ្ធិនៃជំនឿសាសនារៀងៗខ្លួន។ អ្នកប្រាជ្ញវិទ្យាសាស្ត្រល្បីៗក្នុងប្រវតិ្តសាស្ត្រពិភពលោកដូចជា លោក អ៉ីហ្សាក់ ញ៉ូតុន (Isaac Newton) លោក អាល់ប៊ើត អាំងស្តាញ (Allbert Einstein) និង លោកឆាល ឌ័រវិន (Charles Robert Darwin) គឺជាបុគ្គលមានជំនឿលើព្រះតាមបែបឥទ្ធិពលអរូបីនេះដែរ។ យ៉ាងណាមិញ យុវជនកុលបុត្រឆ្នើមម្នាក់នោះ មានឥទ្ធិពលបែបអច្ឆរិយៈក្នុងបេះដូងខ្មែរគ្រប់រូប ជាស្ពានចំលងនៃអំណាចបរមីអរូបីផ្តល់សារទំនាក់ទំនង តាមបែបបួងសួងក្នុងចិត្តថ្វាយប្រាប់ជម្រាបដល់អតីតអង្គព្រះមហាក្សត្រខ្មែរគ្រប់អង្គ និងបុព្វបុរសដូនតាខ្មែរអំពីសមត្ថភាពពិតយុវជនកុលបុត្រឆ្នើមម្នាក់នោះ ដែលដែនដីពិសិដ្ឋត្រូវការសម្រាប់អ្នកបន្តរវេនដឹកនាំបន្ទាប់ ដោយមានក្រុមវីរយុទ្ធជនតស៊ូឈនៅពីក្រោយជាដរាប ទើបយ៉ាងដូច្នេះ ហើយដួងព្រលឹងអតីតអង្គព្រះមហាក្សត្រខ្មែរគ្រប់អង្គ និងបុព្វបុរសដូនតាខ្មែរតែងតែផ្តល់យល់សប្តិដល់វីរៈថ្នាក់ដឹកនាំកំពូលៗ អំពីធនធានទេពកោសល្សដ៏អស្ចារ្យពិតរបស់កុលបុត្រឆ្នើមម្នាក់នោះ ទើបឈានដល់មានការគាំទ្រសម្រេចចិត្តឯកភាពព្រមគ្នាទាំងស្រុង ដោយប្រកាសឈ្មោះជាសាធារណៈតែម្តង គឺបេក្ខភាព ហ៊ុន ម៉ាណែត តែ១គត់។

ដូច្នេះ ក្នុងសា្ថនភាពពិភពលោកមានវិបត្តិគ្មានដែនកំណត់ និងដើម្បីការអភិវឌ្ឍជាមួយតម្លៃសន្តិភាពត្រូវរក្សាការពារ មានតែ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពពលរដ្ឋខ្មែរគំរូល្អ មានសមត្ថភាព ពិតជាយុវជនកុលបុត្រឆ្នើមបំផុត ប្រៀបបានសុរិយារះថ្មី ភ្លឺច្បាស់ត្រចះក្រៃ មានបេះដូងស្មោះពិតជូនជាតិកំណើតជាទេពនិស្ស័យ ផ្តល់ម្លប់ត្រជាក់បន្ថែមប្រសើរថ្លាថ្លៃ ជូនដែនដីពិសិដ្ឋ គឺព្រះរាជាណាចក្រកម្ពុជា ពិតប្រាកដមែនយូរលង់ទៅមុខទៀត៕

អរគុណសន្តិភាព !

ដោយ៖ លោក ម៉ិច សុខន (SOKHAN MECH) អ្នកបង្កើតពហុបច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រល់ខេម សម្រាប់ជួយសម្រួលការបញ្ជូនសំណាកក្នុងមន្ទីរពេទ្យនានា