(ភ្នំពេញ)៖ ការសួរចម្លើយទៅលើ ជនដៃដល់ ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ នៅក្នុងដំណាក់កាលអយ្យការ បានបញ្ចប់ហើយនៅម៉ោង ១០៖២០នាទី ព្រឹកមិញ ហើយបញ្ជូនបន្ត ទៅកាន់ចៅក្រមស៊ើបសួរដែរ។ ប៉ុន្តែរហូតដល់ពេលនេះ តុលាការនៅតែមិនទាន់ អាចបង្ហើបបានថា ខ្មាន់កាំភ្លើងម្នាក់នោះមានឈ្មោះពិត «ជួប សម្លាប់» ឬយ៉ាងណាទេ។
បើតាម លោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការលើសំណុំរឿងនេះ, នៅព្រឹកនេះតំណាងអយ្យការគ្រាន់តែ ចោទប្រកាន់ខ្មាន់កាំភ្លើង២ករណី ទៅតាមចម្លើយ របស់គេប៉ុណ្ណោះ ហើយថាសម្រាប់សវតាជាតិ នៃជននេះយ៉ាងណានោះ គឺជាដំណាក់កាល ស្រាវជ្រាវបន្តទៀត។
លោកថា «យើងសម្រេចចោទប្រកាន់ តាមសាវតាជាតិ ដែលជនល្មើសបានបញ្ជាក់ សិននៅដំណាក់កាលនេះ ហើយយើងនឹងធ្វើការស្រាវជ្រាវ សាវតាជាតិនេះ ឱ្យបានច្បាស់លាស់តាមនីតិវិធី នៅដំណាក់កាលបន្តទៀត ដែលមានរយៈពេលគ្រប់គ្រាន់សម្រាប់កិច្ចការនេះ»។
ជនដៃដល់ខាងលើដែល សមត្ថកិច្ចដេញចាប់ខ្លួន បាននៅវិថីព្រះសុធារស ក្បែរវត្តស្វាយអំពែរនោះ ត្រូវបានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាជាឃាតករ ពិតប្រាកដ ដែលប៉ូលិសចាប់បានក្នុងពេល ប្រព្រឹត្តបទល្មើសជាក់ស្តែង។ ជននេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករខ្មែរនៅប្រទេសថៃ។ ប៉ុន្តែសមត្ថកិច្ចហាក់ពុំទាន់ ជឿថាជននោះមានឈ្មោះពិតប្រាកដ ថា «ជួប សម្លាប់» ទេ។
សូមបញ្ជាក់ថា កាលពីម៉ោង ៨៖៥០នាទីព្រឹក ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ មានឃាតកម្មមួយទៅលើបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ខណៈលោកអង្គុយទទួលកាហ្វេ នៅនៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ ។ លោក កែម ឡី ត្រូវបានឃាតកបាញ់ ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង៕