(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរ កាលពីថ្ងៃទី១២-១៥ ខែមេសា ឆ្នាំ២០២៣ ចំនួន៣១៩គ្រួសារមកពីភូមិចំនួន១៦លើ ឃុំចំនួន៥ នៃស្រុករុក្ខគីរី (រលំទាំងស្រុង១៣៤ខ្នង និងរបើកដំបូល១៨៥ខ្នង)។
ក្នុងនោះ ឃុំព្រែកជីក ប៉ះពាល់សរុប៣៤៨ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង១២៣ខ្នង ប៉ើងដំបូលចំនួន១០៨ខ្នងផ្ទះ (លើភូមិចំនួន៦) និងរបួសមនុស្ស៧នាក់, ឃុំព្រែកត្រឡាច ប៉ះពាល់សរុប៤៧ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង និងប៉ើងដំបូលចំនួន៣៦ខ្នងផ្ទះ (លើភូមិចំនួន៦), ឃុំស្តុកប្រវឹក ប៉ះពាល់សរុបចំនួន៣៩ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង ប៉ើងដំបូលចំនួន២៨ខ្នងផ្ទះ (លើភូមិចំនួន៨), ឃុំបាសាក់ប៉ះពាល់ សរុបចំនួន២៨ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង៤ខ្នង ប៉ើងដំបូលចំនួន៩ខ្នងផ្ទះ (លើភូមិចំនួន៤), ឃុំមុខរាហ៍ ប៉ះពាល់សរុប៥ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង១ខ្នង ប៉ើងដំបូលចំនួន៤ខ្នងផ្ទះ, រន្ទះបាញ់ស្លាប់មនុស្សម្នាក់ (លើភូមិចំនួន២)។
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅ២ទីតាំងផ្សេងគ្នា ទីតាំងទី១ នៅបរិវេណសាលាបឋមសិក្សាព្រែកជីក ឃុំព្រែកជីក និងទីតាំងទី២ ស្ថិតនៅផ្សារដំបូលខៀវ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ បង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក សុខ លូ បានអំពាវនាវលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោកទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេស។ ដោយឡែក គ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕