(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ជួបពិភាក្សាការងារ និងទទួលទានអាហារជាមួយគណៈប្រតិភូ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ដឹកនាំដោយលោកអគ្គលេខាធិការ Shi Zhongjun ។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនៅភោជនីយដ្ឋានចិនមួយ នៅកណ្តាលរាជធានីភ្នំពេញ លោកអគ្គនាយក លឹម ជាវុត្ថា និងលោកអគ្គលេខាធិការ Shi បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលគ្របដណ្តប់លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

«ប្រទេសកម្ពុជាគឺជាប្រទេសដ៏រស់រវើក និងស៊ីវិល័យ ព្រមទាំងមានការអភិវឌ្ឍលឿនហួសពីការរំពឹងទុករបស់ខ្ញុំ»។ នេះជាប្រសាសន៍របស់លោកអគ្គលេខាធិការ ACC ថ្លែងប្រាប់ លោកអគ្គនាយក វុត្ថា។

ជាការឆ្លើយតប លោកអគ្គនាយក លឹម ជាវុត្ថា បានថ្លែងអំណរគុណលោក Shi ចំពោះការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជាក្រោមដំបូលសន្តិភាព។

លោកអគ្គនាយក Fresh News ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិន ជាពិសេសវ៉ាក់សាំងរបស់ចិន។

លោកអគ្គនាយក លឹម ជាវុត្ថា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរបស់ចិនបានអនុញ្ញាតឱ្យកម្ពុជាទទួលបានភាពស៊ាំ ហើយជាលទ្ធផល ព្រះរាជាណាចក្រកម្ពុជាអាចបើកដំណើរការឡើងវិញ នូវរាល់សកម្មភាពសេដ្ឋកិច្ចសង្គម និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងល្បឿនលឿន ជាងប្រទេសដទៃទៀតក្នុងកម្រិតសកល»

ទន្ទឹមនឹងនេះ លោកអគ្គនាយក ក៏បានលើកឡើងពីវិស័យផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមមានភាគីចិននាំចូលកសិផលពីកម្ពុជា ការវិនិយោគរបស់ចិននៅប្រទេសកម្ពុជា និងភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា ដែលបានបង្កើតការងារជាច្រើនកន្លែង និងរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែលឿនថែមមួយកម្រិតទៀត។

កំឡុងកម្មវិធីអាហារការងារពេលល្ងាចនេះ លោកអគ្គនាយក លឹម ជាវុត្ថា និងលោកអគ្គលេខាធិការ Shi បានសន្យាជំរុញទំនាក់ទំនងកម្ពុជា-ចិន-អាស៊ាន តាមរយៈការផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតដែលនឹងធ្វើឱ្យអាស៊ាន និងចិនបន្តជាតំបន់ដែលមានសន្តិភាព និងវិបុលភាព។

អំពីមជ្ឈមណ្ឌលអាស៊ាន-ចិន ACC

ACC ជាអង្គការអន្តររដ្ឋាភិបាលដែលសហការបង្កើតដោយប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសចិន។ ACC ត្រូវបានបើកដំណើរការជាផ្លូវការដោយមេដឹកនាំនៃប្រទេសទាំង១១ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី២០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិនក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ លេខាធិការដ្ឋាន ACC មានទីតាំងនៅទីក្រុងប៉េកាំង។ បេសកកម្មរបស់ ACC គឺអនុវត្តការព្រមព្រៀងរបស់មេដឹកនាំ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន-ចិន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម ការវិនិយោគ អប់រំ វប្បធម៌ ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ៕