(ប៉េកាំង)៖ លោក Yang Yujun អ្នកនាំក្រសួងការពារជាតិចិន បាននិយាយថា កងទ័ពចិននឹងធ្វើការការពារយ៉ាងដាច់ខាត ចំពោះអធិបតេយ្យភាពជាតិ ព្រមទាំងផលប្រយោជន៍ និងសិទ្ធិធ្វើនាវាចរនៅសមុទ្រចិនខាងត្បូង ហើយខ្លួននឹងធ្វើការឆ្លើយតបផងដែរ ចំពោះការគំរាមកំហែង និងការប្រកួតប្រជែងនានា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។
ឆ្លើយតបនឹងសំនួរពីអ្នកសារព័ត៌មាន អំពីការធ្វើសមយុទ្ធរបស់ចិនកាលពីពេលថ្មីៗនេះ នៅសមុទ្រចិនខាងត្បូង លោក Yang បានបកស្រាយថា វាជាសកម្មភាពដែលចិនតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីការពារសន្តិសុខនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រសួងការពារជាតិក៏បានបញ្ជាក់ផងដែរថា សមយុទ្ធខាងលើនេះនឹងនៅតែបន្តទៅមុខ ហើយក៏មានការបាញ់សាកល្បងអាវុធពិតៗផងដែរ ដើម្បីបង្កើនសមត្ថភាពបំពេញបេសកកម្មរបស់យោធា។
លោក Yang បានថ្លែងថា ជំហររបស់ចិន ក្រោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ឡាអេ ទៅលើបញ្ហាសមុទ្រចិនខាងត្បូង គឺបានបញ្ជាក់យ៉ាងច្បាស់លាស់ទៅហើយនាពេលនេះ៕