(ភ្នំពេញ)៖ អ្នកស្រី កែម ថាវី បងស្រីបង្កើតរបស់ លោក កែម ឡី បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សាកសពលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដាទេ អាចនឹងរក្សាទុកបន្តទៀត។ អ្នកស្រីបន្តថា ការកំណត់ថា ថ្ងៃទី១៨ ខែកក្កដា គ្រាន់តែជាកាលបរិច្ឆេទទុកទេ តែមិនប្រាកដឡើយ អ្វីៗអាចនឹងមានការផ្លាស់ប្តូរតែលោកស្រី មិនបានបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរថា នឹងរក្សាទុករហូតដល់ពេលណាឡើយ រង់ចាំការសម្រេចជាថ្មីម្តងទៀតសិន។
ការបញ្ជាក់ពី អ្នកស្រី កែម ថាវី បងស្រីបង្កើតរបស់ លោក កែម ឡី បានធ្វើឡើង ក្រោយពីមានអ្នកគាំទ្រ ស្នើសុំឲ្យគ្រួសារសព បន្តរក្សាសាកសព លោក កែម ឡី ទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចមកអុកធូប និងគោរពវិញ្ញាណក្ខន្ធបានក្នុងរយៈពេលយូរទៀត។ យ៉ាងណាក៏ដោយ គ្រួសារសពរបស់លោក កែម ឡី ហាក់នៅមិនទាន់សម្រេចថា នៅឡើយទេ លើករណីថាគួរបន្តតម្កល់សព ទៀតឫយ៉ាងណានៅឡើយទេ។
គួរបញ្ជាក់ថា យោងតាមលិខិតកម្មវិធីបុណ្យសព របស់ក្រុមគ្រួសារលោក កែម ឡី បានផ្សព្វផ្សាយឲ្យដឹងកាលពីម្សិលមិញ ដោយបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី នឹងត្រូវបូជានៅម៉ោង៥៖០០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា នៅបរិវេណវត្តពោធិ៍យារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាទីកន្លែងកំពុងតម្កល់សព។
លិខិតកម្មវិធីបុណ្យរបស់លោក កែម ឡី បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សពលោកបណ្ឌិត កែម ឡី បាននិងកំពុងតម្កល់ទុក នៅវត្តពោធិយារាម ដើម្បីឲ្យជនរួមជាតិ បានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងធ្វើបុណ្យឧទ្ទិសកុស តាមប្រពៃណី។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្នាន់កាំភ្លើងដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ បាញ់សម្លាប់នៅក្នុង Star mart របស់ស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕