(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចចោទប្រកាន់ ជនដៃដល់ដែលសម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ចំនួន២ករណីដែលបទល្មើសនេះជនដៃដល់ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការលើ សំណុំរឿងនេះ បានប្រាប់ក្រុមអ្នក សារព័ត៌មានថា «ក្រោយពីការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាងនៅក្នុងសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសពីបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០និង៤៩០នៃក្រមព្រហ្មទណ្ឌនិងចោទប្រកាន់លើបុគ្គលដែលបានលក់អាវុធអោយជនល្មើសពីបទ លក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ»។
បន្ទាប់ពីចោទប្រកាន់រួច តំណាងអយ្យការបានបញ្ជូនជនដៃដល់ ទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្តនីតិវិធី។
ជនដៃដល់ដែលសមត្ថកិច្ចអះអាងថាដេញចាប់ប្រផាប់ប្រភីងក្រោយកើតហេតុៗភ្លាមៗនោះ បានសារភាពប្រាប់ សមត្ថកិច្ចថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករនៅប្រទេសថៃ។ ប៉ុន្តែសមត្ថកិច្ចហាក់ពុំទាន់ជឿថាជននោះមានឈ្មោះពិតប្រាកដ ថា «ជួប សម្លាប់» ទេ។
បើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌកម្ពុជា៖ ឃាតកម្មគិតទុកជាមុន គឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួន ស្នាក់។ ...ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់ចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង៕